(កំពង់ឆ្នាំង)៖ ប្រជាកសិករត្អូញត្អែរថា ផ្លែស្វាយកែវរមៀតឆ្នាំនេះនៅតែមានតម្លៃថោក លក់ចេញ១គីឡូតម្លៃត្រឹមតែ ៥០០រៀលប៉ុណ្ណោះ កសិករសំណូមពរដល់រាជរដ្ឋាភិបាលមេត្តាជួយរកទីផ្សារលក់ផ្លែស្វាយឲ្យមានលំនឹង ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាកសិករ។

លោកស្រី អ៊ុន សុផល អាយុ៤៦ឆ្នាំ ជាកសិករម្នាក់ដាំស្វាយចំនួន២ពាន់ដើម លើផ្ទៃដី៥ហិកតា ស្ថិតនៅក្នុងឃុំក្បាលទឹក ជាប់ព្រំប្រទល់ឃុំអមលាំង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ដើមស្វាយលោកស្រីគិតមកដល់ពេលនេះមានអាយុ៨ឆ្នាំហើយ ដោយឡែកក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះលោកស្រីបានលក់ដើមស្វាយទាំងអស់ក្នុងចម្ការនេះ ម៉ៅឲ្យគេក្នុងតម្លៃស្វាយ១ដើម៤ដុល្លារ ព្រោះថាប៉ុន្មានឆ្នាំមុននេះ ផ្លែស្វាយមិនមានហាងឆេងដោយតម្លៃថោក គឺក្នុងមួយគីឡូថ្លៃតែ១០០រៀលប៉ុណ្ណោះ និងគ្មានឈ្មួញកណ្ដាលមកប្រមូលទិញ។

លោកស្រី អ៊ុន សុផល បានបញ្ជាក់ឲ្យដឹងទៀតថា ស្វាយកែវរមៀតមាន២ប្រភេទ គឺស្វាយនៅខ្ចីដែលមានសំបកពណ៌ខៀវមានរសជាតិជូរ។ ចំណែកផ្លែស្វាយដែលមានសំបកពណ៌លឿង មានរសជាតិជូអែមឆ្ងាញ់ ដែលប្រជាពលរដ្ឋចូលចិត្តហូបស្វាយកែវរមៀតសំបកពណ៌លឿងនេះជាងគេ នឹងបើលក់ក៏មានតម្លៃថ្លៃជាងស្វាយកែវរមៀតសំបកពណ៌ខៀវផងដែរ ។

លោក ស្រឿន ថុន រស់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលជាអ្នកទទួលទិញម៉ៅដើមស្វាយនៅក្នុងចម្ការខាងលើនេះ បានបញ្ជាក់ឲ្យដឹងដែរថា លោកបានទទួលទិញម៉ៅដើមស្វាយខាងលើនេះយកមកលក់ ហើយបច្ចុប្បន្ននេះ គឺបានដឹកយកនៅតាមផ្លូវប្រទេសវៀតណាម និងតាមផ្លូវទៅប្រទេសថៃ ក្នុងពេលនេះស្វាយកែវរមៀត១គីឡូក្រាម លក់ចេញបានថ្លៃពី៤០០ទៅ ៥០០រៀលតែប៉ុណ្ណោះ គឺមិនចំណេញឡើយ។

លោកបញ្ជាក់ទៀតថា តែបើតម្លៃផ្លែស្វាយនៅទីផ្សារលក់បានក្នុង១គីឡូបានពី៨០០ទៅ ១,០០០រៀល ទើបបានចំណេញខ្លះ។ ដូច្នេះលោកសុំសំណូមពរដល់ក្រសួងកសិកម្ម មេត្តាជួយរកទីផ្សារលក់ផ្លែស្វាយក្នុងស្រុក ឲ្យមានលំនឹង ដើម្បីជួយទ្រទ្រង់ជីវភាពប្រជាកសិករជាអ្នកដាំស្វាយ និងលក់ផ្លែស្វាយក្នុងស្រុកឲ្យទទួលបានតម្លៃសមរម្យផង។

លោក ស្រឿន ថុន បានបន្ថែមថា កន្លងមកនៅក្នុងប្រទេសកម្ពុជា ក៏មានរោងចក្រកែឆ្នៃផ្លែស្វាយធ្វើជាទឹកស្វាយកំប៉ុង នឹងធ្វើជាដំណាប់លក់ចេញផងដែរ ប៉ុន្តែក្រុមហ៊ុនទាំងនោះមានរូបភាពតូចៗតែប៉ុណ្ណោះ មិនអាចប្រមូលទិញផ្លែស្វាយក្នុងស្រុកឲ្យអស់លទ្ធភាពនៅ ឡើយ។ ដូចនេះប្រជាកសិករ ដែលខិតខំដាំស្វាយនៅតែជួបការលំបាកនៅឡើយ។

ពាក់ព័ន្ធនឹងផ្លែស្វាយមានតម្លៃថោកដូចដែលប្រជាកសិករបានរៀបរាប់ខាងលើនេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភ ឆ្នាំ២០ ២១នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពាក់ព័ន្ធទៅនឹងដំណាំស្វាយនេះ បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនដែលមានរោងចក្រដំណាប់ស្វាយ ដូច្នេះប្រជាកសិករអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ ដែលមានអាសយដ្ឋាននឹងលេខទូរស័ព្ទនៅក្នុងតារាងក្នុងរូបភាពនេះស្រាប់។

ដោយឡែកម្ចាស់រោងចក្រដំណាប់ស្វាយមួយកន្លែងដែលមានអាស័យដ្ឋាន ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ (ផ្លូវទៅភ្នំឱរ៉ាល់) គីឡូម៉ែត្រលេខ២៩ បានធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនតាមលេខទូរសព្ទ០៨៥ ៤៤ ៤១ ១១ បានជួបនិងម្ចាស់រោងចក្រ ដោយលោកបានឲ្យទូរស័ព្ទទៅលេខមួយខ្សែទៀត ដែលជាអ្នកដើរទិញផ្លែស្វាយគឺលេខ០២៣ ៩២៨ ៧៧៧៕