(ភ្នំពេញ)៖ សម្រាប់ខែមករា ឆ្នាំ២០២១នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ២,៣០៥,០៨៥,៦០០រៀល និង២,៤៦០,០២០ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន១៦,០៩៧រូប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា «សប្បុរសជនទាំង១៦,០៩៧រូប រួមមាន៖ សមាជិកកិត្តិយស២៤រូប, សមាជិកគាំទ្រ ១៥,២៥៧រូប និងសប្បុរសជនផ្សេងៗ ៨១៦ រូប, ពីកាត់កម្រៃសំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរក្នុងត្រីមាសទី៤ ឆ្នាំ២០២០ និងថវិកាទទួលបានពីហិបបរិច្ចាគ នៅតាមគោលដៅចំនួន០៤ទីតាំង»

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នាទ្រទ្រង់ និងធានាឲ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា តាមរយៈការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងគ្មានការរើសអើង ដើម្បីនាំមកនូវភាពញញឹម ដល់កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្ត ដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឲ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល/ ៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី៥,០០០រៀល ក្នុងមួយខែ/៦០,០០០រៀល ក្នុងមួយឆ្នាំ។

ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា អាចចូលរួមបរិច្ចាគដោយផ្ទាល់ នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅជាន់ទី៥ នៃអគារ «ង» ក្នុងទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឬតាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវាជាមួយបណ្តាធនាគារដៃគូ ដែលរួមមាន៖ ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ ឯកទេស Wing និង ភ្នាក់ងារ True Money ឬតាមរយៈលេខទូរស័ព្ទ៖ ០៦១ ៧០ ១១១១៕