(សៀមរាប)៖ តួប៉មចំនួន ២ នៃប្រាសាទគោកចក បែរមុខទៅទិសខាងកើតដែលប្រឈមនឹងការខូចខាតកម្រិតខ្ពស់ ដោយសារការបំផ្លាញពីរុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ ធ្វើឱ្យឫសឈើចាក់ចូលជ្រៅទៅក្នុងរចនាសម្ពន្ធឥដ្ឋបណ្តាលឱ្យជញ្ជាំងបែកជាពីរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងឱ្យផុតពីការបាក់រលំជាបន្តបន្ទាប់។
តាមការបញ្ជាក់របស់លោកស្រី ឈុន រតនា បុរាណវិទូនិងជាប្រធានគម្រោងអភិរក្សប្រាសាទគោកចក នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ទាក់ទងនឹងការខូចខាតសំណង់តួប៉មទាំងពីរនៃប្រាសាទគោកចក គឺបណ្តាលមកពីកត្តារុក្ខជាតិ អាយុកាលសំណង់ មនុស្ស និងអាកាសធាតុ។
លោកស្រីបន្តទៀតថា កាលពីឆ្នាំ២០១៥ ក្រុមការងារបានជួសជុលតួប៉មខាងត្បូងដែលរលុះឱ្យល្អប្រសើរឡើងវិញនៅផ្នែកខាងមុខ និងជញ្ជាំងខាងត្បូង។ ចំណែកនៅឆ្នាំ២០២០ ក្រុមការងារក៏បានបញ្ចប់ការជួសជុលតួប៉មខាងជើងដែលរលុះនៅជ្រុងនិរតី។ ចំពោះការជួសជុលប្រាសាទគោកចក គឺមានជាប្រចាំ ដោយក្រុមការងារនឹងជួសជុលបន្ថែមទៀតនៅជញ្ជាំងខាងជើង និងជញ្ជាំងទិសពាយ័ព្យនៃតួប៉មខាងជើងផងដែរ ដើម្បីទប់ស្កាត់ការទ្រុឌទ្រោមនាំឱ្យបាក់រលំ។
ក្នុងកិច្ចការអភិរក្សប្រាសាទឥដ្ឋដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះ លោកស្រី រតនា និងក្រុមការងារបានសង្កត់ធ្ងន់លើបច្ចេកទេសជួសជុល ដោយពង្រឹងរចនាសម្ពន្ធប្រាសាទឥដ្ឋនេះឡើងវិញ ដោយការរើឥដ្ឋពុកផុយ និងឥដ្ឋគ្មានសុវត្ថិភាពចេញ ជំនួសដោយឥដ្ឋថ្មីខ្លះៗក្នុងករណីចាំបាច់ ដើម្បីពង្រឹងភាពមាំទាំនៃតួប្រាសាទ។ បន្ទាប់មកដកស្មៅ សម្អាតរុក្ខជាតិតូចធំដែលដុះលើតួប្រាសាទ និងផ្លុំកំណកដីចេញពីស្រទាប់ឥដ្ឋ។
មិនតែប៉ុណ្ណោះ ក្រុមការងារក៏យកចិត្តទុកដាក់លើការបិទផ្ជិតរន្ធតូចធំដែលអាចឱ្យទឹកដក់ ឬទឹកជ្រាបចូលក្នុងរចនាសម្ពន្ធប្រាសាទ ងាយបង្កផលប៉ះពាល់ដល់ប្រាសាទឆាប់ពុកផុយ។ រាល់ការជួសជុលនេះ គឺគោរពតាមបទដ្ឋានជួសជុលក្នុងតំបន់អង្គរ ការប្រើផលិតផលនិងបច្ចេកទេសបុរាណ ហើយត្រឹមត្រូវតាមទម្រង់ដើមនៃប្រាសាទ។
បើគិតមកដល់ឆ្នាំ២០២១នេះ ប្រាសាទគោកចក មានអាយុកាលជាងមួយពាន់ឆ្នាំហើយ យោងតាមសិលាចារឹកប្រាសាទគោកចក (K.521) ផ្ទាល់បង្ហាញថា សំណង់ប្រាសាទនេះសង់ឡើងនាឆ្នាំ ៨៥០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ សម្រាប់ឧទ្ទិសដល់ព្រះវិស្ណុ៕