Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះវិហារ ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច លេងល្បែងស៊ីសង និងការហែក្បួនបែបសាសនា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

10-02-2021 13:27

(ព្រះវិហារ)៖ ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលខេត្តព្រះវិហារ ស្នើឲ្យអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងមាត់ កុំឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ ការលេងល្បែង ស៊ីសងគ្រប់ប្រភេទ និងការហែក្បួនបែបសាសនាឫប្រពៃណីនៅតាមទីសាធារណៈ។

នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដាច់ខាតមិនត្រូវឲ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ ហើយត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ ទីកន្លែងក្នុងខេត្តផងដែរ។

ទន្ទឹមនឹងនេះត្រូវរៀបចំផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅតាមទីសាធារណៈ ព្រមទាំងត្រូវត្រៀមសម្រួលចរាចរណ៍តាមដងផ្លូវនានាក្នុងខេត្ត ដើម្បីកុំឲ្យមានការកកស្ទះ។

ជាមួយគ្នានេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងសូមផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអុជធូបទៀន ក្រដាសសែន ដែលបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕