(ក្រចេះ)៖ កម្លាំងចម្រុះដឹកនាំដោយលោក គង់ មេត្តា អភិបាលរងក្រុងក្រចេះ នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចបឹងរំលាច ស្ថិតនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ដោយរឹបអូសវត្ថុតាងបានជាច្រើន។
លោក ម៉ុក ពន្លក នាយខណ្ឌ័រដ្ឋបាលជលផល ខេត្តបានឲ្យដឹងថា កម្លាំចម្រុះចូលរួមបង្រ្កាបរួមមាន ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ ,ផ្នែករដ្ឋបាលជលផលកាំពី ,ចៅសង្កាត់រកាកណ្តាល ,កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល, កងរាជអាវុធហត្ថក្រុងក្រចេះ, សហគមន៍នេសាទរកាកណ្តាល និងប្រជាការពារសង្កាត់រកាកណ្ដាល។បានបើកប្រតិបត្តិការបង្ក្រាបដោយ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាង នៃបទល្មើសមួយចំនួនដូចខាងក្រោម៖ របាំងសាច់ស្បៃមុងចំនួន២៥ខ្សែ ប្រវែង ១២៥០ម៉ែត្រ , លូស្បៃមុងចំនួន២៥ ម៉ាត់លូ , បង្គោលចម្រឹងឫស្សីឃ្លៃ ៣៧៥ ដើម , ចាក់លែងត្រីចូលបឹងវិញ ចំនួន១២ គីឡូក្រាម។
វត្ថុតាងទាំងអស់ដែលដកហូតបានគឺ សមត្ថកិច្ចចម្រុះបានសម្រេចធ្វើការដុតបំផ្លាញចោលលូស្បៃមុង និងលូសាច់អួនក្រឡាញឹក ដោយឡែករបាំងស្បៃមុង និងរបាំងសាច់អួន ត្រូវបានដឹកយកមករក្សាទុកនៅអគារខណ្ឌរដ្ឋបាលជលផល ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ការងារកសិកម្មនៅពេលមានការស្នើសុំពីពួកគាត់ តាមរយៈអាជ្ញាធរមូលដ្ឋាន។
លោក ម៉ុក ពន្លក នាយខណ្ឌជលផលក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ ឲ្យជួយរក្សាធនធានជលផលទាំងអស់គ្នាដើម្បីបន្តពូជពង្ស សម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត និងដើម្បីកូនចៅជំនាន់ក្រោយបានដឹង បានស្គាល់នូវប្រភេទត្រីទឹកសាបនេះ លោកបានធ្វើការអំពាវនាវធ្វើយ៉ាងណា សូមកុំធ្វើនេសាទខុសច្បាប់ ដូចជាការប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រី ស្បៃមុង និងអួនក្រឡាញឹកជាដើម ។
លោកបន្តទៀតថា សំណូមពរប្រជានេសាទទាំងអស់ធ្វើយ៉ាងណា នេសាទជាលក្ខណៈគ្រួសារបានហើយ កុំនេសាទខុសច្បាប់ បើនេសាទខុសច្បាប់ ថ្ងៃណាមួយសមត្ថកិច្ចឃាត់ ចាប់បាន នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ស្តីពីជលផលជាក់ជាពុំខានឡើយ៕