(ស្ទឹងត្រែង)៖ ក្រុមឈ្មួញរកសុីជួញឈើប្រណីតខុសច្បាប់បានប្រើប្រាស់កំពង់ចម្លងទូកដរឃុំស្ដៅ ស្រុកសេសាន ដឹកពីត្រើយម្ខាងមកត្រើយម្ខាងទៀតជារៀងរាល់យប់។
សកម្មភាពនេះ ត្រូវគេមើលឃើញថាសមត្ថកិច្ចមួយចំនួននៅមូលដ្ឋានមិនមានវិធានការចុះបង្ក្រាបនោះទេ ខណៈគេដឹងថា នៅតំបន់នោះមានសមត្ថកិច្ចជាច្រើនបានដាក់កម្លាំងទាំងស្លៀកពាក់ឯកសណ្ឋាន និងស្លៀកពាក់សុីវិលអង្គុយចាំយកលុយពីឈ្មួ្ញរកសុីល្មើសច្បាប់គ្មានអោយចន្លោះមួយឡើយ។
តាមប្រភពរាយការណ៍បានប្រាប់ឲ្យដឹងថា ឈើប្រណីតត្រូវបានឈ្មួញនៅឃុំស្ដៅ ស្រុកសេសាន កាប់ពីតំបន់ហាមឃាត់ រួចដឹកតាមគោយន្តកន្ត្រៃមកទំលាក់តាមផ្ទះ និងព្រៃក្បែរៗភូមិ នៅឃុំស្ដៅ យ៉ាងអនាធិបតេយ្យ។
ប្រភពបានឱ្យដឹងទៀតថានៅពេលយប់ទើបគេដឹកជញ្ជូនបន្តតាមគោយន្តឆ្លងទូកដរពីឃុំស្ដៅមកត្រើយម្ខាងដើម្បីជញ្ជូនបន្តតាមម៉ូតូចូលទៅក្នុងទីរួមខេត្តស្ទឹងត្រែង រួចចែកចាយតាមសិប្បកម្មកែច្នៃធ្វើជាគ្រឿងសង្ហារឹម។ ជាក់ស្ដែងដូចឃើញក្នុងរូបថតដែលគេថតបាននេះ ជាឧទាហរណ៏ស្រាប់ ព្រោះប្រសិនបើគ្មានអ្នកឈរចាំយកលុយទេ ឈ្មួញមិនអាចដឹកបានឡើយ៕