(រតនគិរី)៖ ប្រជាពលរដ្ឋចំនួន៦គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ក្រោយពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិ ៤ សង្កាត់កាចាញ ក្រុងបានលុង។

ពិធីប្រគល់អំណោយមនុស្សធម៌នេះត្រូវបានធ្វើឡើងនៅទីតាំងរងគ្រោះខាងលើនាព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានលោក គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា តំណាងលោកថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។

អំណោយមនុស្សធម៌សរុបទាំងសាខា អនុសាខា ក្រុមកាកបាទក្រហមសង្កាត់ក្នុង១គ្រួសារទទួលបាន ៖អង្ករ១០០គីឡូក្រាម តង់១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ មី៤កេស ត្រីខ២ យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី២ដប ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ ឆ្នាំង បាយ១ ឆ្នាំងសម្លរ១ ចានបាយ ១០ ចានសម្លរ ១០ ស្លាបព្រា ១០ និងថវិកា ចំនួន ៣៨ម៉ឺនរៀល។

មានប្រសាសន៍សំណេះសំណាលជាមួយគ្រួសាររងគ្រោះនាឱកាសនោះ លោក គិត ទ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងពីសំណាក់ លោកថង សាវុន ជាពិសេសសម្តេច កិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះឧប្បត្តិហេតុគ្រោះអគ្គីភ័យដែលបានបង្កឱ្យឆេះលំនៅដ្ឋាន និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលបានកើតឡើងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ កន្លងទៅនេះ ដែលជានិច្ចកាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស គឺតែងតែស្ថិតនៅដក់ជាប់ជានិច្ចចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាប្រធានកាកបាទក្រហមកម្ពុជា ។

លោកបានបន្តថា ថ្វីដ្បិតអំណោយនេះ ពុំអាចស្មើទៅនឹងទំហំ នៃការខូចខាតទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះ ក៏ពិតមែន ប៉ុន្តែបានចូលរួមរំលែកនូវទុក្ខលំបាកដែលបងប្អូនទាំង៦គ្រួសារនេះ កំពុងជួបប្រទះបានមួយគ្រាផងដែរ ។

ជាមួយគ្នានេះលោក គិត ទ្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឲ្យបានរួចរាល់ ដោយសារថា គ្រោះ អគ្គិភ័យនេះ វាធ្វើអោយគ្រួសារយើងវិនាសហិនហោចទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដូចពាក្យចាស់លោកពោលថា ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ ដូច្នេះយើងត្រូវរួមគ្នាប្រុងប្រយ័ត្នទាំងអស់គ្នា ។

គួររំឭកថា កាលពីវេលាម៉ោង២ រសៀលថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១ នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង មានអគ្គីភ័យមួយបានកើតឡើងដោយសារឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆាបឆេះផ្ទះសន្ធោសន្ធៅរាលដាលតៗគ្នាអស់ផ្ទះចំនួន ៣ខ្នងបណ្តាលឲ្យទ្រព្យសម្បត្តិផ្ទះសម្បែងក្លាយជាចំណីអគ្គីភ័យទាំងស្រុងតែមួយពព្រិចភ្នែក៕