(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបន្តអំពាវនាវជាថ្មីបន្ថែមទៀត ដល់យុវវ័យទាំងអស់ កុំបណ្ដែតបណ្ដោយ ជ្រុលខ្លួន ព្រោះតែក្ដីស្រឡាញ់ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ បណ្ដាលឲ្យភ្លេចខ្លួន ឈានដល់ការរួមរ័ក រហូតឆ្លងមេរោគអេដស៍ នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ពោលគឺ ប្រយ័ត្នការស្រឡាញ់ ក្លាយជាការចម្លងមេរោគអេដស៍ ដោយយុវវ័យទាំងអស់ ត្រូវតែចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺកុំឆាប់ប្រឡូកក្នុងការរួមភេទ ទាំងនៅក្មេងវ័យ។
ការថ្លែងបែបនេះ របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយពីមេរោគអេដស៍-ជំងឺអេដស៍ ដល់សាធារណជនទូទៅ នាឱកាស ទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១ ដោយអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើការផ្សព្វផ្សាយ នៅទីតាំងរបស់ខ្លួនផ្ទាល់ ព្រមទាំងបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
លោកទេសរដ្ឋមន្ដ្រី អៀង មូលី បានថ្លែងបន្តឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង តាស់តឿនក្រើនរំឭកដល់យុវវ័យ កុំឲ្យភ្លើតភ្លើនភ្លេចខ្លួន ដោយ សារតែការស្រឡាញ់មួយពេលខ្លី អូសទាញបណ្ដាលឲ្យឆ្លងមេរោគអេដស៍។ ជាពិសេសនៅថ្ងៃទី១៤កុម្ភៈ ដែលខិតជិតមកដល់នេះ គឺជាថ្ងៃទិវានៃក្ដីស្រឡាញ់ គឺយុវវ័យរបស់យើងតែងតែបង្កើន នូវក្ដីសប្បាយរីករាយ ភាគច្រើន។ ដូច្នេះកម្មវិធីនេះ គឺក្នុងគោលបំណងរំឭក ដល់ពួកគាត់ ដើម្បីកុំឲ្យប្រើប្រាស់ក្ដីសប្បាយ ដែលហៅថា ថ្ងៃនៃក្ដីស្រឡាញ់ ឲ្យក្លាយជាចម្លងមេរោគអេដស៍ ពីព្រោះយើងបារម្ភថា ការប្រព្រឹត្តិរបស់យុវវ័យ ការសប្បាយរបស់ពួកគាត់ អាចឈាន ដល់ការរួមភេទ ដោយមិនបានការពារ ហើយធ្វើឲ្យពួកគាត់ឆ្លងមេរោគអេដស៍ ដែលកំពុងតែមានវត្តមាន នៅកម្ពុជានៅឡើយ។
លោកបន្តទៀតថា ដូច្នេះបានជាថ្ងៃនេះ( ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១) ទាំងដៃគូសហការ ទាំងសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល រួមជាមួយនឹងយុវជនទាំងអស់ រួមគ្នាដើម្បីបង្កើតទិវានេះឡើង ផ្សព្វផ្សាយពីបញ្ហាទប់ស្កាត់ នៃការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ដល់យុវវ័យឲ្យបាន ដឹងខ្លួនជាមុន ងាយស្រួលមានវិធីសាស្ត្រ ក្នុងការការពារ ឲ្យកាន់តែល្អប្រសើរ។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ សង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនៅថ្ងៃនេះ យុវវ័យនឹងបន្តចូលរួម ជួយផ្សព្វផ្សាយបន្ថែមទៀត ឲ្យកាន់តែទូលំទូលាយជាងនេះ ដើម្បីឲ្យយុវវ័យមានការយល់ដឹង និងការតាំងចិត្តកាន់តែរឹងមាំ។ លោកក៏សូមធ្វើការអំពាវនាវ ដល់យុវវ័យរបស់យើង សុំមេត្តាកុំឲ្យការស្រឡាញ់ក្នុងថ្ងៃ១៤កុម្ភៈ ទៅជាថ្ងៃចម្លងមេរោគអេដស៍ និងសូមឲ្យក្មួយៗទាំងអស់គ្នា មានការប្រុងប្រយ័ត្ន ព្រោះយើងដឹងហើយថា ជំងឺអេដស៍នៅតែបន្តចម្លង ដោយស្ងៀមស្ងាត់ ខណៈដែលអ្នកមានផ្ទុក និងអ្នកជំងឺអេដស៍ មិនអាចមើលនឹងភ្នែកទទេបានទេ ហើយបើដឹងថា ខ្លួនឯងមិនទាន់ប្រឈមទេ សូមកុំប្រព្រឹត្តិ ប៉ុន្តែបើដឹងថា ខ្លួនប្រឈមនឹងការឆ្លងហើយ សូមមកធ្វើតេស្ដឈាម ជាបន្ទាន់ ដើម្បីទទួលបានថ្នាំដោយឥតគិតថ្លៃ និងសេវាថែទាំសុខភាព តាមការណែនាំរបស់គ្រូពេទ្យ៕