(ស្ទឹងត្រែង)៖ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំសិក្ខាសាលាស្តីពី ការពិនិត្យលើវឌ្ឍនភាព និងគុណភាពនៃការប្រមូលទិន្នន័យស្ថិតិ អំពីការកំណត់តំបន់ជនបទ ស្ថានភាពជនបទ និងប្រឹក្សាពីគោលបំណង គោលដៅ សូចនាករ នៃសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២១_២០៣០ ។
អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត សុខ សារាវុឌ្ឍ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមដោយ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង លោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំង លោក លោកស្រី ដែលជាអភិបាល អភិបាលរងស្រុក មេឃុំ ចៅសង្កាត់ និងសិក្ខាកាមមកពីខេត្តចំនួន ៥ ជាច្រើនរូបផងដែរ ។
មានប្រសាសន៍ស្វាគមន៍ ក្នុងអង្គសិក្ខាសាលា លោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានបញ្ចាក់អំពីសកម្មភាពកន្លងមករបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានចូលរួមលើកស្ទួយ គោលនយោបាយជាតិ របស់រាជរដ្ឋាភិបាល ដើម្បីឲ្យមានការអភិវឌ្ឍន៍តាមជនបទ ពិសេសតម្រូវចាំបាច់នានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តំបន់ជនបទ និងអនុវត្តន៍ស្របតាមផែនការយុទ្ធសាស្ត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដាក់ចេញឲ្យអនុវត្តន៍ ។
មានប្រសាសន៍បើកអង្គសិក្ខាសាលា លោកបណ្ឌិត សុខ សារាវុឌ្ឍ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា គោលបំណង នៃអង្គសិក្ខាសាលានេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាព និងគុណភាព នៃការប្រមូលទិន្នន័យស្ថិតិ អំពីការកំណត់តំបន់ជនបទ ស្ថានភាពជនបទ និងប្រឹក្សាពីគោលបំណង គោលដៅ សូចនាករ នៃសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវគោលនយោបាយក្នុងការលើកកម្ពស់សុខមាលភាពសង្គមជនបទកម្ពុជាប្រកបដោយជីវភាពសមរម្យ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម និងសុខភាព ការគោរពច្បាប់,សីលធម៌សង្គម និងយុត្តិធម៌សង្គមជាមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជនជនបទ ។
លោកមានប្រសាសន៍បន្ថែមថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាយើងកំពុងអភិវឌ្ឍន៍ ពិសេសការរីកចម្រើននោះ គឺត្រូវទាមទារឲ្យមានការបង្កើតសុខវឌ្ឍនភាពជនបទ ប្រកបដោយសុខដុមនីយកម្ម សមធម៌ បរិយាប័ន្ន និង ចីរភាពដែលជាសសរស្ដម្ភទីពីរ និងមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបាន ដើម្បីធានាឲ្យមានសុខវឌ្ឍភាពជនបទកម្ពុជា។
ក្នុងនោះដែលលោកក៏រំពឹងថា សិក្ខាសាលានេះ នឹងជួយឲ្យសិក្ខាកាមបានយល់ដឹងឲ្យកាន់តែច្បាស់ក្នុងការប្រមូលទិន្នន័យស្ថិតិ អំពីការកំណត់តំបន់ជនបទ ស្ថានភាពជនបទ ពិតប្រាកដ ដើម្បីធ្វើសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ អនុវត្តន៍បានដោយមានប្រសិទ្ធភាពក្នុងការជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ជនបទនានានៅក្នុងប្រទេសកម្ពុជា ។
ក្រោយពីអង្គសិក្ខាសាលាបានបញ្ចប់ លោកបណ្ឌិត សុខ សារាវុឌ្ឍ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូបានអញ្ជើញជួបពិគ្រោះយោបល់ជាមួយគណ:អភិបាលស្រុកបុរីអូរស្វាយសែនជ័យ មេឃុំ ភូមិនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីប្រមូលទិន្នន័យស្ថិតិ អំពីការកំណត់តំបន់ជនបទ និងបានបន្តចុះពិនិត្យសំណង់ប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍មួយកន្លែង ដែលជាកម្រងរបស់មន្ទីរអភិវឌ្ឍន៍ជនបទក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ Plan ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅខែមិនា ខាងមុន ៕