(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបន្តលើកយកសំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ ភរិយា និងកូនស្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល មកជំនុំជម្រះបន្ត ដោយមានអ្នកស្រី ឡាយ ហួង និងឧកញ៉ា ខូវ ផល្លាបុត្រ ជាជនជាប់ចោទ។
សវនាការជំនុំជម្រះទោស អ្នកស្រី ឡាយ ហួង ជនជាប់ចោទជាមេគំនិត និងឧកញ៉ា ខូវ ផល្លាបុត្រ ជាអ្នកសមគំនិត ក្នុងសំណុំរឿង ប៉ុនប៉ងរំលោភសេពសន្ធវៈ និង ប៉ុនប៉ងឃាតកម្មគិតទុកជាមុនទៅលើអ្នកស្រី ស៊ុន សូត្ថា ភរិយា និង កូនស្រី របស់ លោក ស៊ុន ចាន់ ថុល បានធ្វើរួចពីដងហើយ គឺនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។ ក្នុងសវនាការទាំងពីរលើកនេះ មិន មានវត្តមានជនជាប់ចោទ ឧកញ៉ា ខូវ ផល្លាបុត្រ ដែលកំពុងរត់គេចខ្លួននោះឡើយ។
ក្នុងសវនាការកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ទណ្ឌិតចំនួន ៤រូប គឺអ្នកស្រី សេង ច័ន្ទដា ភរិយាឧកញ៉ា ខូវ ជឺលី សន្តិសុខអ្នកស្រី សេង ច័ន្ទដា ឈ្មោះ សុខ ឡាក់ និង អ្នកបម្រើពីរ រូបទៀត គឺ ច័ន្ទ សុខា និង នាង ស៊ីណាត ត្រូវបានតុលាការកោះហៅមកធ្វើជាសាក្សី បំភ្លឺទៅលើបណ្តឹងប៉ុនប៉ងរំលោភ និងសម្លាប់ក្នុងគ្រួសារអភិជន ដ៏រំជើបរំជួលនេះផងដែរ។
សវនាការជាលើកទី៣ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក សាន សុផាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, មេធាវីការពារក្តីលោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចំនួន ២រូប មេធាវីការពារក្តីឧកញ៉ា ខូវ ផល្លាបុត្រ ១រូប និង មេធាវីការពារក្តីឲ្យអ្នកស្រី ឡាយ ហួង ចំនួន ៣រូប និង ជនជាប់ចោទអ្នកស្រី ឡាយ ហួង។ នៅក្នុងបន្ទប់សវនាការ នៃសាលាដំបូងរាជធានីភ្នំពេញនាព្រឹកមិញនេះ ក៏មានការចូល រួមយ៉ាងច្រើន ពីសាធារណជន និងក្រុមគ្រួសារសាច់ញាតិ របស់អ្នកស្រី ឡាយ ហួង ផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១០ មនុស្សមួយក្រុម បានរៀបចំគម្រោងរំលោភ និង សម្លាប់ភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។ នៅរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ គ្រាលោក ស៊ុន ចាន់ថុល ជាប់រវល់បំពេញការងារនៅខេត្តមណ្ឌលគិរី មានបុរសម្នាក់ ដោយមានការសហការពីអ្នកបម្រើនៅក្នុងផ្ទះ បានលួចចូលទៅក្នុងផ្ទះ របស់លោក ស៊ុន ចាន់ថុល ប៉ុនប៉ងរំលោភ និង សម្លាប់អ្នកស្រី ស៊ុន សូត្ថា ភរិយា និង កូនស្រី។ ផែនការ ដែលគេចាត់ទុកថា ជារឿងដ៏ អាក្រក់ជូរជាតិ និង ឃោរឃៅបំផុតនេះ មិន បានសម្រេចនោះឡើយ។
សំណុំរឿងប៉ុនប៉ងរំលោភ និងសម្លាប់នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្តឹងមនុស្សជាច្រើននាក់ ដែលជាមេផ្តើមគំនិត សម គំនិត និងអ្នកធ្វើសកម្មភាព រួមមាន៖ អ្នកស្រី ឡាយ ហួង ភរិយា ឧកញ៉ា ខូវ ផល្លាបុត្រ, លោកឧកញ៉ា ខូវ ផល្លាបុត្រ, អ្នកស្រី សេង ច័ន្ទដា ភរិយាក្មេងរបស់ឧកញ៉ា ខូវ ជឺលី, អ្នកបម្រើ និង សន្តិសុខ។
ជនជាប់ចោទចំនួន ៤នាក់ហើយ គឺអ្នកស្រី សេង ច័ន្ទដា, អ្នកបម្រើពីរនាក់ និង សន្តិសុខម្នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពី ១៨ឆ្នាំ ទៅ២០ឆ្នាំ ហើយសាលក្រម ក៏បានចូលជាស្ថាពរផងដែរ។ ដោយឡែកជនជាប់ចោទ អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ គេនៅមិនទាន់ដឹងថា តើតុលាការនឹងសម្រេចយ៉ាងណានៅឡើយទេ គ្រាឧកញ៉ា ខូវ ផល្លាបុត្រ កំពុងរត់ គេចខ្លួននៅក្រៅប្រទេស។
សំណុំរឿងប៉ុនប៉ងរំលោភ និងសម្លាប់នេះ កូនប្រុស-ស្រី របស់ឧកញ៉ា ខូវ ជឺលី សុទ្ធតែបានចេញមកបញ្ជាក់ពីទង្វើទុច្ចរិតរបស់អ្នកស្រី សេង ចិន្តា និង អ្នកស្រី ឡាយ ហួង គឺពិតជាបានរួមគំនិតគ្នារៀបចំគម្រោងសម្លាប់ និង រំលោភទៅលើភរិយា និងកូនស្រី របស់លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល ពិតប្រាកដមែន។
ឧកញ៉ា ខូវ ផល្លាបុត្រ ធ្លាប់បានអះអាងថា «ឡាយ ហួង ជាមនុស្សស្រី ដែលមានភាពលោភលន់ និងម ហិច្ឆតាខ្ពស់ណាស់ បានប្រើ កលល្បិចសព្វបែបយ៉ាង ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ខ្ញុំ និងគ្រួសារខ្ញុំ។ ដូច្នេះ រឿងអ្វីៗ ក៏ ឡាយ ហួង ហ៊ាន ធ្វើដែរ។ ករណីផ្សំ គំនិតរបស់ឈ្មោះ សេង ច័ន្ទដា និង ឈ្មោះ ឡាយ ហួង រៀបចំគម្រោងរំលោភ និង សម្លាប់លោកជំទាវ ស៊ុន សុត្ថា និងកូនស្រី កាល ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ នៅភូមិគ្រឹះ ឯកឧត្តម ស៊ុន ចាន់ថុល គឺជាការពិតមិន មែនប្រឌិតទេ»។
បើតាមឧកញ៉ា ខូវ ផល្លាបុត្រ ទង្វើដ៏ឃោរឃៅរបស់ ឡាយ ហួង មិនមែនទើបតែធ្វើទៅលើភរិយា និង កូនស្រីរបស់លោកទេសរដ្ឋ មន្រ្តី ស៊ុន ចាន់ថុល នោះឡើយ ឡាយ ហួង ក៏ធ្លាប់បានគំរាមសម្លាប់រំលោភ និងជះទឹកអាស៊ីត លើភរិយាទីពីររបស់លោក ខូវ ផល្លា បុត្រ រហូតភរិយាទី២នោះ រត់គេចខ្លួនចេញពីស្រុកខ្មែរ ទៅរស់នៅប្រទេសម៉ាឡេស៊ី៕