(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដំបូងគេ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
បើតាមលោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា ក្រៅពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី, លោក ឌី វិជ្ជា លោក សុខ ពុទ្ធិវុធ លោករដ្ឋមន្រ្តី កើត រិទ្ធ លោករដ្ឋមន្រ្តី សាយ សំអាល់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម។
ទីតាំងចំនួន៤ សម្រាប់ការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរួមមាន៖
* នៅមន្ទីរពេទ្យកាល់ម៉ែត
* មន្ទីរពេទ្យព្រះអង្គឌួង
* មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
* មន្ទីរពេទ្យកុមារជាតិ។
សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង ២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកេតុមាលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។
ការអនុវត្តការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំកងទ័ពនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ និងក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងធ្វើឡើងតាមការស្ម័គ្រចិត្ត៕