(ភ្នំពេញ)៖ នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកែទម្រង់កងរាជអាវុធហត្ថ ឆ្នាំ២០២០ និងទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២១ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់នូវអនុសាសន៍ មួយចំនួន ជូនដល់កងរាជអាវុធហត្ថ ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ឆ្នាំ២០២១។

អនុសាសន៍ចំនួន ១០ចំណុច របស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមមានដូចខាងក្រោម៖

ភារកិច្ចចំពោះមុខ៖

*ទី១៖ អនុវត្តឱ្យមានប្រសិទ្ធភាពនូវសង្កថាសារសម្លេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម និងពីប្រទេសជិតខាងចូលក្នុងសហគមន៍ប្រទេស ដូចនេះ កងឯកភាពចំណុះកងទ័ពជើងគោក នៅតាមព្រំដែន និងកងរាជអាវុធហត្ថ ត្រូវសហការជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

*ទី២៖ សហការជាមួយក្រុមវ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ រៀបចំមធ្យោបាយនាំមុខរថយន្តដឹកជញ្ជូនវ៉ាក់សាំង តាមកម្មវិធីបានកំណត់។ ជាមួយគ្នានេះ ត្រូវធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទាំងការដឹកជញ្ជូនពេលដំណើរការចាក់វ៉ាក់សាំង នៅតាមកងឯកភាពនីមួយៗ ឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនេះ ត្រូវត្រៀមរៀបចំឯកសារពាក់ព័ន្ធ សហការរៀបចំផែនការកម្មវិធីចាក់វ៉ាក់សាំងកងរាជអាវុធហត្ថ តាមលំដាប់លំដោយអាទិភាព និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំង តាមការណែនាំរបស់រាជរដ្ឋាភិបាលដល់គ្រប់យោធិនបានយល់ជ្រួតជ្រាប មុនពេលក្រុមបច្ចេកទេសចាក់វ៉ាក់សាំងដំណើរការជាក់ស្តែង។

ការកែទម្រង់ និងការអនុវត្តតួនាទី ភារកិច្ច៖

*ទី១៖ ដកបទពិសោធន៍បញ្ហាប្រឈមការងារសេសសល់ឆ្នាំ២០២០ ធ្វើជាកាលានុវត្តភាព នៃការកែលម្អចំណុចខ្វះខាត រួមជាមួយពង្រឹងការដឹកនាំអនុវត្តការងារឱ្យមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងវិធានការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលដៅពង្រឹងការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងសង្គម។

នៅក្នុងសភាពការណ៍ចំពោះមុខ ត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាពឯកភាពជាតិ ដើម្បីពុះពារជម្នះរាល់ការលំបាក ដែលបណ្តាលពីជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា ឱ្យសម្រេចគោលដៅភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយជោគជ័យ។

*ទី២៖ រៀបចំបុគ្គលិក និងរបៀបរបបការងារឱ្យស៊ីសង្វាក់ ប្រទាក់ក្រឡា តាមអនុក្រឹត្យលេខ១១ ស្តីពី ការកែសម្រួលរចនាសម្ព័ន្ធក្របខ័ណ្ឌ ចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងនោះ ការកសាងយោធិនអាជីព ជួរកងរាជអាវុធហត្ថវ័យក្មេងសម្រាប់បន្តវេន ការងារនាពេលអនាគត គឺជាកត្តាគន្លឹះដ៏សំខាន់មួយក្នុងការបង្កើនប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តភាព នៃការកែទម្រង់មួយតាមនយោបាយ ការពារជាតិក្នុងសភាពការណ៍តំបន់ ពិភពលោក កំពុងឈានទៅរកសកលភាវូបនីយកម្មទំនើប។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារគ្រប់គ្រងកម្លាំងឱ្យមានប្រសិទ្ធភាព ធ្វើការត្រួតពិនិត្យ និងចាត់វិធានការចំពោះអង្គភាព ឬបុគ្គលមិនគោរពវិន័យ បទបញ្ជារបស់ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពការងារដេលប្រគល់ជូន។

*ទី៣៖ បន្តយកចិត្តទុកដាក់អប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នបុគ្គលិក ដល់គ្រប់កងឯកភាពក្នុងកងរាជអាវុធហត្ថ បង្កើនសមត្ថភាព គុណភាព និងសប្រសិទ្ធភាពការងារ ព្រោះថាធនធានមនុស្ស គឺជាធាតុដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍអង្គភាព ដូច្នេះ យើងត្រូវរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដល់នាយទាហាន នាយទាហានរង ជាមួយនឹងចំណេះដឹង ជំនាញថ្មីៗ ដែលពាក់ព័ន្ធទៅនឹងតួនាទី ភារកិច្ច និងការកែទម្រង់ស្របតាមវិស័យការពារជាតិ។

នៅក្នុងបរិបទបច្ចុប្បន្ននេះ ការអភិវឌ្ឍធនធានមនុស្សលើវិស័យសន្តិសុខព័ត៌មានវិទ្យា ក្នុងកងយោធពលខេមរភូមិន្ទ បានចាត់ទុកជាការងារអាទិភាពសម្រាប់តាមដានក្តាប់រាល់សភាពការណ៍ជាតិ និងអន្តរជាតិ ប្រុងប្រយ័ត្នរាល់ព័ត៌មានដែលបំផ្លើសញុះញង់ បង្កអសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងឆ្អឹងសាមគ្គីឯកភាពផ្ទៃក្នុង និងអនុវត្តម៉ឺងម៉ាត់ឋានានុក្រមកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានេះ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់ពួកប្រឆាំងក្រៅច្បាប់ ដែលបានប្រើគ្រប់មធ្យោបាយញុះញង់ អុចអាល ក្នុង
គោលបំណងបង្កអស្ថិរភាព ចលាចលនយោបាយ ឆ្ពោះទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ល។

*ទី៤៖ ធ្វើការផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗ និងអប់រំនយោបាយ សតិអារម្មណ៍ ចិត្តសាស្ត្រដល់នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ម្នាក់ៗមានគោលជំហរច្បាស់លាស់ ឆន្ទៈមោះមុត ទទួលខុសត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលនៃកម្ពុជា។ ជាមួយគ្នានេះ បន្តយកចិត្តទុកដាក់ការងារគោលនយោបាយសរសើរជូនរង្វាន់លើកទឹកចិត្ត និងគោលនយោបាយដោះស្រាយទុក្ខលំបាកដល់យោធិនអាវុធហត្ថឱ្យបានទាន់ពេលវេលា។

*ទី៥៖ ពង្រឹងការយកចិត្តទុកដាក់ ថែទាំមធ្យោបាយ អាវុធយុទ្ធភណ្ឌធានាឱ្យមានសុវត្ថិភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងត្រូវលើកកម្ពស់សមត្ថភាពនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ឱ្យមានជំហរធ្វើម្ចាស់លើការប្រើប្រាស់ គ្រប់គ្រង ថែមធ្យោបាយ ឧបករណ៍ សម្ភារៈ បរិក្ខារ អាវុធ និងគ្រាប់ បង្កាកុំឱ្យឆេះ ខូចខាត បាត់បង់ រក្សាបានគុណភាពល្អ ដោយចាត់ទុកថា ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិ និងប្រជាជនយើង។

*ទី៦៖ បន្តយកចិត្តទុកដាក់ការងារចិញ្ចឹមថែទាំ ពិនិត្យសុខភាពកងទ័ព និងបន្តជំរុញការបង្កបង្កើនផលដាំដុះ ចិញ្ចឹមសត្វបន្ថែម ដើម្បីលើកកម្ពស់ការហូបចុកប្រចាំថ្ងៃ ព្រមទាំងបន្តគោរពវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ពីព្រោះនាពេលថ្មីៗនេះ តាមការជូនដំណឹងរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល បានបង្ហាញពីការវិវត្តន៍ប្រភេទជំងឺថ្មីៗបន្ថែមទៀត ដែលទាមទារឱ្យគ្នាចូលរួមធ្វើការទប់ស្កាត់ឱ្យខានតែបាន ទាំងវិធានការអភិបាលកិច្ចល្អ និងទាំងវិធានការ «៣កុំ» និង «៣ការពារ»។

ទី៧៖ បន្តជំរុញការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ធ្វើបញ្ជីគោលដីធ្លី និងខិតខំសហការជាមួយនាយកដ្ឋានវិស្វកម្ម អាជ្ញាធរដែនដី និងជំនាញសុរិយោដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមអង្គភាពនីមួយៗ ឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ត្រូវខិតខំថែទាំជួសជុលសំណង់ដែលមានស្រាប់ និងយកចិត្តទុកដាក់សាងសង់សំណង់ថ្មីៗ តាមបទដ្ឋានបច្ចេកទេសស្របតាមប្លង់ស្ថាបត្យកម្ម ដោយធានាការប្រើប្រាស់ប្រកបដោយគុណភាព និងយូរអង្វែង។

និងទី៨៖ បន្តពង្រឹងកម្លាំង រួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងផ្តល់សេវាចាំបាច់នានា ស្របតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីធានាឱ្យបុគ្គលគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា៕