(ភ្នំពេញ)៖ សាធារណរដ្ឋឆែក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្ដល់ជំនួយជាសម្ភារបណ្ដុះបណ្ដាល និងឧបករណ៍វេជ្ជសាស្ដ្រទប់ស្កាត់ជំងឺកូវីដ១៩ គិតជាទឹកប្រាក់សុរប ចំនួន២០២,៩៨៩០ដុល្លារ ដល់មន្ទីរពេទ្យកុមារជាតិ របស់កម្ពុជា។
ជំនួយទាំងនេះ ត្រូវបានផ្តល់តាមរយៈ គម្រោងអភិវឌ្ឍផ្នែកទារកនៅមន្ទីរពេទ្យកុមារជាតិ និងការពង្រឹងសមត្ថភាពស្ថាប័នសុខភាពសាធារណៈកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលឧបត្ថម្ភគាំទ្រដោយ សាធារណរដ្ឋឆែក ក្នុងកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍផ្លូវការ និងកម្មវិធីជំនួយមនុស្សធម៌សម្រាប់កម្ពុជា។
ពិធីប្រគល់-ទទួលសម្ភារបណ្តុះបណ្តាល និងឧបករណ៍វេជ្ជសាស្ត្រនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោក Stepan Vojnar ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំជាច្រើនរូបទៀត នាមន្ទីរពេទ្យកុមារជាតិ។
លោក ម៉ម ប៊ុនហេង បានថ្លែងថា ការផ្ដល់សម្ភារបណ្តុះបណ្តាល និងឧបករណ៍វេជ្ជសាស្ត្រ ជូនដល់មន្ទីរពេទ្យកុមារជាតិជាលើកទី២នេះ បញ្ជាក់ឱ្យឃើញច្បាស់ពីចំណងសាមគ្គីភាពដ៏រឹងមាំ រវាងកម្ពុជា និងសាធារណរដ្ឋឆែក ដែលមានប្រវត្តិជាច្រើនឆ្នាំមកហើយ។ ចំណងសាមគ្គីភាពនេះ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការអភិវឌ្ឍលើវិស័យនានា ដូចជាវិស័យអប់រំ អភិវឌ្ឍសហគមន៍ និងវិស័យសុខាភិបាលផងដែរ។ ជាក់ស្តែង ក្នុងការអភិវឌ្ឍ និងពង្រឹងគុណភាពវិស័យសុខាភិបាលនៅកម្ពុជា សាធារណរដ្ឋឆែក ក៏បានចូលរួមចំណែកតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងទ្វេភាគី ក្នុងការពង្រឹងផ្នែកផ្សេងៗដោយផ្តោតលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក ចូលរួមក្នុងការបង្កើតពិធីសារថែទាំព្យាបាលទារក ផ្តល់ជូនឧបករណ៍វេជ្ជសាស្ត្រសម្រាប់ដំណើរការ និង ពង្រឹងគុណភាពព្យាបាលថែទាំជំងឺទារក។
លោកបន្តថា ជាពិសេសផ្តល់ជាសម្ភារសម្រាប់បណ្តុះបណ្តាលបែបទំនើប សមស្របតាមតម្រូវការ ដែលមិនត្រឹមតែជួយដល់ការពង្រឹងគុណភាព ក្នុងមន្ទីរពេទ្យកុមារជាតិប៉ុណ្ណោះទេ ថែមទាំងបានជួយដល់ដំណើរការនៃការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល តាមបណ្តាខេត្តនានា និងនិស្សិតគ្រប់ជំនាញក្នុងវិស័យសុខាភិបាល ដែលបានមកទទួលការបណ្តុះបណ្តាល និងចុះកម្មសិក្សានៅមន្ទីរពេទ្យកុមារជាតិផងដែរ។
«រឿងដែលធ្វើឲ្យរូបខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ កាន់តែកោតសរសើរស្ញប់ស្ញែងថែមទៀតនោះគឺ ក្នុងពេលដែលកម្ពុជា និងពិភពលោកទាំងមូល បាននិងកំពុងស្ថិតក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីត១៩, សាធារណរដ្ឋឆែក តាមរយៈកម្មវិធីជំនួយមនុស្សធម៌ បានផ្តល់ជាសម្ភារបរិក្ខាពេទ្យមួយចំនួនដល់មន្ទីរពេទ្យកុមារជាតិ ក្នុងការត្រៀមទប់ស្កាត់ការរីករាតត្បាតនៃមេរោគកូវីត១៩ ដែលជាផ្នែកមួយរួមចំណែកជាមួយក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជាយើង»។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តី។
លោកបន្ដថា «នេះបញ្ជាក់ឱ្យឃើញពីការតម្លៃនៃចំណងមិត្តភាពដ៏រឹងមាំ មិនអាចកាត់ថ្លៃបានរវាងប្រទេសទាំងពីរ ហើយក៏ជាសខីភាពនៃវប្បធម៌ចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក ស្របតាមគំរូវីរភាពដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន អ្នកដឹកនាំដ៏ឆ្នើមនៃយើង»។
ភ្នាក់ងារអភិវឌ្ឍសាធារណរដ្ឋឆែក បានចាប់ផ្តើមមានកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យកុមារជាតិតាំងពីឆ្នាំ២០១៨ ជាមួយគម្រោងជាបន្តបន្ទាប់ ក្នុងការរួមចំណែកអភិវឌ្ឍផ្នែកទារកក្នុងមន្ទីរពេទ្យកុមារជាតិ បន្តពង្រឹងសមត្ថភាពបុគ្គលិក និងគម្រោងបន្ដជួយអភិវឌ្ឍផ្នែកសម្ភពរបស់មន្ទីរពេទ្យកុមារជាតិ ដែលបានចាប់ផ្ដើមដំណើរការ កាលពីដើមត្រីមាសទី៣ ឆ្នាំ២០២០ ហើយក៏កំពុងទន្ទឹងរង់ចាំ នូវការផ្តល់ជូនឧបករណ៍វេជ្ជសាស្ត្រសម្រាប់ផ្នែកសម្ភព ឲ្យកាន់តែរឹងមាំផងដែរ តាមរយៈគម្រោង «ជួយម្តាយ សង្គ្រោះទារក Supporting mother for Surviving baby»។
តាមរយៈចំណងមិត្តភាពដ៏រឹងមាំ និងទឹកចិត្តមនុស្សធម៌ដ៏ប្រពៃនេះ លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា សាធារណរដ្ឋឆែក នឹងនៅតែបន្តគាំទ្រ ដើម្បីប្រែក្លាយមន្ទីរេពេទ្យកុមារជាតិ ឱ្យក្លាយជាមជ្ឈមណ្ឌលព្យាបាលថែទាំទារក និងបណ្តុះបណ្តាល (Perinatal care center) ដែលគិតចាប់តាំងពីទារកនៅក្នុងផ្ទៃម្តាយ រហូតដល់ប្រសូតចេញ និងថែទាំព្យាបាលបន្តលើបញ្ហាសុខភាពផ្សេងៗរបស់ទារកនិងកុមារ ដែលមជ្ឈមណ្ឌលនេះត្រូវបានរំពឹងថា នឹងលេចរូបរាងឡើងដំបូងគេនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ តាមជំហានអភិវឌ្ឍ និងទស្សនវិស័យ របស់មន្ទីរពេទ្យកុមារជាតិ ដែលជាការដឹកនាំរបស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងការខិតខំប្រឹងប្រែងរបស់សហភាតរ ព្រមទាំងបុគ្គលិកទាំងអស់ផងដែរ»។
រដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «ខ្ញុំទទួលស្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងគុណភាពនៃសេវា និងសមត្ថភាពរបស់បុគ្គលិក នៅមន្ទីរពេទ្យកុមារជាតិ ដែលកាន់តែទទួលបានការទុកចិត្តខ្លាំងឡើង ពីប្រជាជន និងបុគ្គលិកសុខាភិបាលផ្សេងទៀត ហើយខ្ញុំរំពឹងថា អត្រាមរណភាពមាតា ទារក និងថយចុះតាមការរំពឹងទុក ស្របតាមគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពឆ្នាំ២០៣០ (SDGs 2030) ជាប្រាកដ។ ខ្ញុំសូមឲ្យកិច្ចសហប្រតិបត្តិការនេះនៅតែមានជានិរន្តន៍»។
រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក និងទីភ្នាក់ងារអភិវឌ្ឍសាធារណរដ្ឋឆែក ក្នុងកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ និងកម្មវិធីជំនួយមនុស្សធម៌សម្រាប់កម្ពុជា និងជាពិសេស លោកភារធារីស្តីទី នៃស្ថានទូតឆែក៕