(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពវិនិយោគប្រកបដោយចីរភាពនៅកម្ពុជា» ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន (UK-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូ។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់លោក កាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស, លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រ ភពអង់គ្លេស ប្រចាំកម្ពុជា, លោកស្រី Heather Wheeler តំណាងរាស្ត្រ និងជាបេសកជនរបស់នាយកដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្មប្រចាំកម្ពុជា ឡាវ និងវៀតណាម, លោកស្រី Baroness Neville-Rolfe ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន និងតំណាងវិស័យឯកជនប្រមាណ១៥០រូប។
គោលដៅចម្បងនៃសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីពិភាក្សា និងផ្តោះប្តូរយោបល់លើប្រធានបទមួយចំនួនដូចជា ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ និងនៅក្រោយវិបត្ត នៃការរីករាលដាលនៃជំងឺកូវីដ-១៩, កាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងបច្ចុប្បន្នភាពនៃច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។
លោក សុខ ចិន្តាសោភា បានអត្ថាធិប្បាយពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបានជម្រាបអង្គសិក្ខាសាលា អំពីការរៀបចំតាក់តែងច្បាប់ ស្តីពីវិនិយោគថ្មី និងបទប្បញ្ញាតិ្តពាក់ព័ន្ធ នឹងការវិនិយោគសំដៅបង្កើនការទាក់ទាញវិនិយោគ សម្រាប់ជាមូលដ្ឋានដល់វិនិយោគិន/ធុរជន សម្រេចចិត្តបោះទុនវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា «ក.អ.ក» តាមរយៈគណៈកម្មាធិការ វិនិយោគកម្ពុជា «គ.វ.ក» និងគណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា «គ.ស.ព» បានអនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨.២ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ ១២% ធៀបនឹងឆ្នាំ២០១៩។
ជារួម ការថយចុះនេះស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរនៅឡើយ បើធៀបនឹងការព្យាករ របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដែលបានព្យាករថា រំហូរវិនិយោគផ្ទាល់ពីបរទេស នៅក្នុងពិភពលោក ត្រូវថយចុះប្រមាណ ៤២% នៅក្នុងឆ្នាំ២០២០។
ដោយឡែក សម្រាប់ខែមករា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោង ដែលមានទុនវិនិយោគ សរុបចំនួនប្រមាណ ៦២១លានដុល្លារអាមេរិក ពោលគឺមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលគម្រោងវិនិយោគមានចំនួន ១៧គម្រោង និងទុនវិនិយោគប្រមាណ ៩៣លានដុល្លារអាមេរិក។
លទ្ធផលនេះ ជាផ្លែផ្កាដែលកើតចេញពីការអនុវត្តវិធានការ យ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ និងវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់របស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សំដៅកែលម្អ និងធ្វើឲ្យប្រសើរឡើង នូវបរិយាកាសវិនិយោគនៅកម្ពុជា មួយកម្រិតថែមទៀត៕