(ប៉ៃលិន)៖ លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តប៉ៃលិន។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយករង នៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០១១ បានសម្រេចតែងតាំងលោក ណេង ករុណា ជាប្រធានរតនាគារខេត្តប៉ៃលិនថ្មីជំនួស លោក ហៀង សុងហួតដែលត្រូវដល់អាយុចូលនិវត្តន៍។
បន្ទាប់ពីទទួលបានប្រកាសតែងតាំងមុខតំណែងថ្មី ពីលោក ហួត ពុំ រួចមកលោក ណេង ករុណា ដែលទើបតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តធ្វើការប្តេជ្ញាអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ជាធរមាន និងគោលការណ៍ ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសប្ដេជ្ញា គោរព គាំទ្រ និងអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធី គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រី បាន ស្រីមុំ បានវាយតម្លៃការខិតខំប្រឹងប្រែងបម្រើការងារបានល្អរបស់លោកប្រធានចាស់ ដែលបានបំពេញការងាររយៈពេលជិត២ឆ្នាំ រហូតដល់អាយុចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសា ធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មីបន្តខិតខំដឹកនាំ មន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ ព័ន្ធប្រកបដោយគុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ ហិរញ្ញវត្ថុ សាធារណៈប្រកប ដោយប្រសិទ្ធភាពខ្ពស់។
លោក ហួត ពុំ បានកោតសរសើរស្នាដៃលោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងការ បំពេញការងាររយៈពេលជិតពីរឆ្នាំកន្លងមកនេះ ស្របតាមកំណែទម្រង់ស៉ីជម្រៅ យុទ្ធសាស្ត្រចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកណែនាំ និងបានផ្ដាំផ្ញើដល់លោកប្រធានរតនាគារខេត្តប៉ៃលិនថ្មី ត្រូវអនុវត្តន៍តួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាព របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាពិសេស លោកណែនាំឲ្យអនុវត្ត អភិក្រម៥យ៉ាង របស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់អគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌបង្កើន សមត្ថភាពការងារកាន់តែល្អថែមទៀតគឺ៖ ទី១៖ អនុវត្តន៍ការងារប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌, ទី២៖ អនុវត្តន៍ការងារជាក្រុម, ទី៣៖ អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេសកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤៖ មិនត្រូវមើលរំលងកំហុសរបស់ខ្លួន។
«អភិក្រមទាំង ៤នេះ ជាគោលដៅ ក្នុងការអភិវឌ្ឍការងារ ប្រកបដោយប្រសិទ្ធភាព»។ នេះបើតាមការបញ្ជាក់ពី លោក ហួត ពុំ៕