(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅវេលាម៉ោងប្រមាណជិត ១៖០០នាទីយប់នេះ អគ្គិភ័យដែលបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែង​ ដែលស្ថិតនៅក្នុងសង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមអ្នកពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាំងស្រុងហើយ។

នៅក្នុងហេតុការណ៍អគ្គិភ័យនោះ ក្រោយពីបាញ់ឲ្យរលត់ ក្រុមជួយសង្គ្រោះ បានរកឃើញស្រ្តីវ័យចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ បានជាប់នៅក្នុងផ្ទះនោះ ប៉ុន្តែត្រូវបានកម្លាំងពន្លត់អគ្គិភ័យរបស់ ក្រុម៧១១ នៃកងពលតូច«ង៧០» និងមន្រ្តីអាវុធហត្ថជួយសង្គ្រោះ ដោយមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ដោយយាយចំណាស់ម្នាក់រងរបួសបន្តិចបន្តួច។

រថយន្តពន្លត់អគ្គិភ័យ ប្រមាណជាង១០គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។ ពាក់ព័ន្ធនឹងការខូចខាត​ ព្រមទាំងមូលហេតុដែលបណ្តាល​ឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ មិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែគេសន្និដ្ឋានថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង៕

 

Posted by Fresh News Photo on Wednesday, February 24, 2016