(ភ្នំពេញ)៖ លោកគ្រូ អ្នកគ្រូ ចៅៗអូទីស្សិម និងពិការសតិបញ្ញទាំងអស់ ព្រមទាំងអាណាព្យាបាលកុមារពិការទាំង២០៥គ្រួសារ នៅក្រុងតាខ្មៅ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅបំផុតដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភដល់សាលាកុមារអូទីស្សឹមនៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សង្គមនូវទឹកប្រាក់១០០លានរៀល។
ថវិកា១០០លានរៀលនេះ ត្រូវបានលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្តេចតេជោ ប្រគលជូនសាលាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ នេះបើតាមលិខិតថ្លែងអំណរគុណរបស់លោក ចាន់ សារិន គោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន។
លោក ចាន់ សារិន បានលើកឡើងថា «មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចតេជោ បានផ្តល់កញ្ចប់ការដូរដ៏ធំធេងមួយដែលបានធ្វើឲ្យខ្ញុំបាទ លោកគ្រូ អ្នកគ្រូទាំងអស់មានក្តីរំភើបជាពន់ពេករហូតដល់រកពាក្យអ្វីមករ៉ាយរ៉ាប់ មិនអស់នោះគឺសម្តេចតេជោ បានឯកភាពទាំងស្រុងផ្តល់អោយលោកគ្រូ អ្នកគ្រូ ចំនួន២៦នាក់ទៀត បានទទួលក្របខ័ណ្ឌរដ្ឋចាប់ពីឆ្នាំ២០២១ ព្រមទាំងបញ្ចូលសាលាកុមារអូទីស្សឹមនេះ ជាគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីឆ្នាំសិក្សា២០២០-២០២១ នេះតទៅ ការដូរដ៏វិសេសវិសាលនេះ បានធ្វើអោយកូនក្មួយទាំងអស់មានក្តីរំភើបឥតឧបមា ស្ទើរតែចង់លោតដល់លើអាកាសទៅហើយ។ កូនក្មួយទាំងអស់ពុំមានអ្វីតបស្នងសងគុណលោកទាំងទ្វេទេ គឺមានតែបន្តខិតខំប្រឹងប្រែង ដើម្បីជួយកុមារអូទីស្សឹមអោយអស់ពីសមត្ថភាព ធ្វើការជួយជំរុញលើកទឹកចិត្តអាណាព្យាបាលកុមារអូទីស្សឹម នឹងនៅតែបន្តគាំទ្រគោលនយោបាយ
របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដ៏ត្រឹមត្រូវដោយ សម្តេចតេជោ ហ៊ុន សែន»។
លោក ចាន់ សារិន តំណាងឲ្យកុមារ អូទីស្សឹម និងពិការសតិបញ្ញាទាំងអស់ លោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាលកុមារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរបវរមហាប្រសើរជូន សម្តេចទាំងទ្វេ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅបំផុត ដល់កូនចៅពិការទាំងអស់ នឹងបន្តដឹកនាំកម្ពុជា អោយកាន់តែមានរីកចម្រើនថែមទៀត៕