(កូរ៉េខាងត្បូង)៖ ពលករថ្មីជាជនជាតិកម្ពុជាចំនួន ២៩នាក់ ត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង រួមគ្នាជាមួយទីភ្នាក់ងារអភិវឌ្ឍធនធានមនុស្សកូរ៉េ ហៅកាត់ថា HRDK ដែលជាស្ថាប័នគ្រប់គ្រងពលករអន្តោប្រវេសន៍ និងក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះអាវកាសកូរ៉េ (Korea Aerospace Industry) ទៅទទួលស្វាគមន៍ដល់ខាងក្នុងអាកាសយានដ្ឋាន នៅពេលពួកគាត់ទៅដល់កូរ៉េខាងត្បូងជាលើកដំបូង។
សកម្មភាពនេះ គឺជាការស្វាគមន៍ជានិមិត្តរូបសម្រាប់ពលករឡើងមកថ្មីរបស់កម្ពុជាប្រចាំឆ្នាំ២០២១នេះ ដោយសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ មានលក្ខណៈល្អប្រសើរជារៀងរាល់ឆ្នាំ គួបផ្សំហ្នឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ នៅប្រទេសកម្ពុជាល្អជាងគេក្នុងចំណោមប្រទេសដែលបញ្ជូនពលករ។
ឆ្លៀតឱកាសនោះ គណៈគ្រប់គ្រងអាកាសយានដ្ឋាន Incheon បានបង្ហាញនូវនីតិវិធីផ្សេងៗដែលកូរ៉េខាងត្បូង មានបទពិសោធន៍ក្នុងការគ្រប់គ្រងអាកាសយានដ្ឋាន នៅអំឡុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩ ជាពិសេសគ្រប់គ្រងលើអ្នកដំណើរទាំងចូល និងចេញ ទាំងអ្នកមានអាការ:ជំងឺ ក៏ដូចជាអ្នកគ្មានអាការៈ។
ជាមួយគ្នានេះ ស្ថាប័នទាំង៣ ក៏បានជជែកពិភាក្សាគ្នាដោះស្រាយបញ្ហាប្រឈមដូចជាកង្វល់ផ្សេងៗ ក្នុងការលើកម្ពស់ដល់លក្ខខណ្ឌការងារ លក្ខខណ្ឌរស់នៅប្រចាំថ្ងៃរបស់ពលករកម្ពុជា ឲ្យមានលក្ខណៈល្អប្រសើរថែមទៀត៕