(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលអួតខ្លួនថាជាជើងឯកស្រលាញ់យុត្តិធម៌ និងគោរពសិទ្ធិមនុស្ស គួរតែរៀនទទួលស្គាល់ការពិតខ្លះ ហើយកុំព្យាយាមការពារក្រុមជនដែលមិនគោរពច្បាប់។
ការប្រតិកម្មបែបនេះ របស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានធ្វើបន្ទាប់ពីក្រុមសមាគម និងអង្គការសង្គមស៊ីវិលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍រួម ដោយស្នើឱ្យក្រសួងបរិស្ថាន បញ្ឈប់ការចាប់ខ្លួន និងធ្វើទុកបុកម្នេញសកម្មជនការពារព្រៃឈើ។
សេចក្តីថ្លែងការណ៍រួមនេះ ធ្វើឡើងក្រោយមន្ត្រីឧទ្យានុរក្ស បានឃាត់ខ្លួនជនល្មើស ៥នាក់ ដែលធ្វើសកម្មលួចចូលក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងបានធ្វើសកម្មភាពដោយគ្មានការអនុញ្ញាត ខណៈជនល្មើសឈ្មោះ អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងគូកនបានលួចធ្វើសកម្មភាពដោយខុសច្បាប់ក្រោមស្លាកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលអង្គការនេះមិនត្រូវបានគេដឹងថាមិនបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃឡើយ។
លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមអង្គការសង្គមស៊ីវិលដែលអួតខ្លួនថាស្រឡាញ់យុត្តិធម៌ គោរពសិទ្ធិមនុស្ស គួររៀនទទួលស្គាល់ការពិត និងកុំតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស និងស្រឡាញ់ធនធានធម្មជាតិ ហើយសូមកុំព្យាយាមការពារក្រុមជនដែលមិនគោរពច្បាប់ និងកុំបំពេញការងារបង្កប់ដោយរបៀបវារៈទុច្ចរិតណាមួយ ហើយគួរមានភាពស្មោះត្រង់ចំពោះការសហប្រតិបត្តិការជាមួយក្រសួងមានសមត្ថកិច្ច»។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា យោងតាមចម្លើយសារភាពរបស់ក្រុមជនដែលអះអាងខ្លួនជាសកម្មជនបរិស្ថាននៅចំពោះមុខសមត្ថកិច្ចនៅខេត្តក្រចេះថា ខ្លួនពិតជាបានដឹងថា លួចចូលនិងធ្វើសកម្មភាពក្នុងតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាត គឺការខុសច្បាប់ ហើយការលួចចូលក្នុងព្រៃឡង់ គឺពួកគេធ្វើសកម្មភាព និងថតរូបផ្សេងៗដើម្បីបង្ហាញម្ចាស់ជំនួយរបស់ពួកគេ និងដើម្បីគៀរគរថវិកាជំនួយតែប៉ុណ្ណោះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះបញ្ជាក់យ៉ាងច្បាស់ពីចេតនាទុច្ចរិតនៃការធ្វើសកម្មភាពរបស់ពួកគេ និងគ្មានចេតនាសុច្ចរិតណាមួយក្នុងការការពារព្រៃឈើឱ្យពិតប្រាកដឡើយ គឺគ្រាន់តែយកមុខរបរនេះដើម្បីស្វែងរកជំនួយប៉ុណ្ណោះ។ ម្យ៉ាងទៀត ក្រុមនេះបានលួចធ្វើសកម្មភាពក្រោមរូបភាពនៃអង្គការក្រៅរដ្ឋាភិបាលដែលគេដឹងថាមិនទាន់បានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់នៅឡើយទេ។ ហើយតាមដឹងគឺតុលាការខេត្តក្រចេះក៏បានណែនាំឱ្យក្រុមជននេះគោរពច្បាប់ និងចុះបញ្ជីអង្គការបស់ខ្លួនតាមច្បាប់ផងដែរ។ ទង្វើទាំងនេះពិតជាគួរឱ្យខ្មាសអៀនបំផុត។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន នៅតែគូសបញ្ជាក់ពីការអនុវត្តច្បាប់ដោយមិនលើកលែងចំពោះជនល្មើសណាម្នាក់ឡើយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិដែលមាន។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ អំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់ជំនួយមួយចំនួនសូមធ្វើការផ្តល់ជំនួយគាំទ្រចំពោះសមាគម និងអង្គការក្រៅរដ្ឋាភិបាលណាដែលបានចុះបញ្ជីត្រឹមត្រូវ និងគោរពច្បាប់ដើម្បីលើកស្ទួយការអនុវត្តច្បាប់ និងលើកទឹកចិត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលគោរពច្បាប់ត្រឹមត្រូវ និងមានភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។
លោកបានបន្ថែមថា ក្រសួងបរិស្ថានស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ តែត្រូវចូលតាមច្រកផ្លូវច្បាប់ជាធរមាន ដោយមិនមែនលួចធ្វើសកម្មភាពប្រាស់ចាកច្បាប់ជាធរមានឡើយ។ ជនទាំងឡាយដែលជ្រកក្រោមស្លាកអ្នកស្រលាញ់បរិស្ថាន និងតែងតែប្រមាថច្បាប់ជាតិ គួររៀនគោរពច្បាប់ព្រោះកម្ពុជាជានីតិរដ្ឋ និងកុំចាត់ទុកខ្លួនជាក្រុមនៅក្រៅច្បាប់៕