លោកបណ្ឌិត ស៊ីម កា ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតព្រឹទ្ធសភា នៅខណ្ឌព្រែកព្នៅ
09-02-2021 16:31
(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា អនុប្រធានទី១ព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នឹងអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងខណ្ឌព្រែកព្នៅ។
ពិធីជួបសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ចូលរួមចំនួន ៣៤រូប រួមជាមួយនឹងប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាល អភិបាលរង និងថ្នាក់ដឹកនាំខណ្ឌ នៅសាលាខណ្ឌព្រែកព្នៅ រាជធានីធានីភ្នំពេញ។
បន្ទាប់ពីលោកអភិបាលខណ្ឌព្រែកព្នៅរាយការណ៍អំពី លទ្ធផលជាវិជ្ជមាន និងការសេសសល់នៃការធ្វើសមាហរណកម្មការិយាល័យជំនាញទាំង១១ រួចមកលោកកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ព្រឹទ្ធសភា បានផ្តល់អនុសាសន៍អំពីទិសដៅការងារមួយចំនួន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២៕