(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្វែងរកម្ចាស់គណនីហ្វេសបុកឈ្មោះ «Ly Sororn » ឱ្យចូលខ្លួនបំភ្លឺ អំពីការចុះផ្សាយព័ត៌មានខុសពីការពិត ទាំងស្រុងដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមាន ការយល់ច្រឡំ ដោយបានយកសកម្មភាពរបស់មន្ត្រីអនុវត្តច្បាប់ទៅលើអ្នកបើកបរម៉ូតូបញ្ច្រាសទិស យកទៅផុសលេងសើច។

បើតាមគណនី Facebook ដែលមានឈ្មោះ «Ly Sororn » បានបង្ហោះថា «នៅបេនឡានផ្សារដើមគរ កែងស្តុប មានទទួលផ្ញើម៉ូតូពីភ្នំពេញ តាកែវ ម៉ូតូ១ ចាប់ពី៦ម៉ឺនរៀលឡើងទៅ»

បើយោងតាមទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា «សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកឈ្មោះ Ly Sororn ដែលបានចុះផ្សាយព័ត៌មាន ខុសពីការពិតទាំងស្រុងដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ

ជាក់ស្តែងជាករណីអនុវត្តច្បាប់របស់សមត្ថកិច្ចទៅលើអ្នកបើកបរម៉ូតូបញ្ច្រាសទិស ដែលខាងការិយាល័យនគរបាលសណ្តាប់ធ្នាប់តែងតែចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្លូវ៣៣៦ ចំពោះអ្នកដូរគ្មានសណ្តាប់ធ្នាប់ដែលបង្កឲ្យមានការកកស្ទះ នឹងធ្វើការចាប់ឃាត់ម៉ូតូដែលជិះបញ្ច្រាសទិស ដើម្បីបញ្ជូនមករក្សាទុកនៅការិយាល័យ សណ្តាប់ធ្នាប់ និងធ្វើការផាកពិន័យតាមច្បាប់។ ផ្ទុយទៅវិញបែរជាម្ចាស់គណនីហ្វេសបុករូបនេះយកសកម្មភាពរបស់មន្ត្រីអនុវត្តច្បាប់យកមកផុសលេងសើចទៅវិញ។

ពេលនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានសហការជាមួយសមត្ថកិច្ចជំនាញដើម្បីស្រាវជ្រាវរកម្ចាស់គណនីហ្វេសបុក ដែលផុសព័ត៌មានមិនពិតនេះ ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺ និងសុំទោសជាសារណ:ចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ» ៕