(រតនគិរី)៖ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ គ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត បានចុះយកសំណាកពីបុរសម្នាក់លួចឆ្លងដែនចូលទៅវៀតណាម នៅពេលយប់បន្ទាប់ពីមានសេចក្តីរាយការណ៍ពីកម្លាំងយោធា និងនគរបាលការពារព្រំដែនចំណុចច្រករបៀងប៉ុស្តិ៍៦០៣(អូរកាម៉ា)ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោកវេជ្ជបណ្ឌិតអេង គុណវុឍ ប្រធានការិយាល័យជំងឺឆ្លងបានប្រាប់ឲ្យដឹងថា បុរសដែលឆ្លងដែនខាងលើមានឈ្មោះ សេវ ថុន អាយុ២៨ឆ្នាំ គាត់ឆ្លងមកពីប្រទេសៀតណាមកាលពី២០ថ្ងៃមុនម្ល៉េះ ដោយសារឈ្លោះជាមួយប្រពន្ធ ហើយមកស្នាក់នៅភូមិត្រាង ឃុំលំជ័រ,លុះដល់យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់លួចឆ្លងដែនទៅវៀតណាមតាមច្រករបៀងខាងលើត្រូវបានកម្លាំងប្រចាំការទីនោះឃាត់ខ្លួនរួចរាយការណ៍មកមន្ទីរសុខាភិបាលទើបលោកវេជ្ជបណ្ឌិតអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បញ្ជូនក្រុមគ្រូពេទ្យជួរមុខ ( RRT) ឆ្លើយតបបន្ទាន់ចុះសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំប៉ក់ញ៉ៃ ដើម្បីទៅយកសំណាក។
លោកវេជ្ជបណ្ឌិត អេង គុណវុឍ បញ្ជាក់ដឹងទៀតថា ថ្ងៃនេះក្រុមគ្រូពេទ្យជួរមុខមិនទាន់បានបញ្ជូនសំណាកនៅឡើយទេ ព្រោះផ្លូវឆ្ងាយ ដូច្នេះសំណាកបុរសម្នាក់ខាងលើនៅថ្ងៃស្អែកបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញ,រីឯលទ្ធផលយ៉ាងណានោះ នឹងដឹងនៅថ្ងៃបន្ទាប់៕