(ភ្នំពេញ)៖ លោកកិត្ដិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី លទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ ដែលសហការរៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ។
ទេសរដ្ឋមន្ដ្រី ឆាយ ថន បានថ្លែងថា ដំណើរការប្រព្រឹត្តទៅ នៃអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ គឺត្រូវបានអនុវត្តជ្រើសរើសសំណាកតំរូ ចំនួន៨០០ភូមិ និងសំណាកគ្រួសារប្រកប មុខរបរកសិកម្ម មានចំនួនជិត១៦,០០០គ្រួសារ និងអង្គភាពកសិកម្មមិនមែនគ្រួសារ (សហគ្រាសកសិកម្មខ្នាតធំ) ត្រូវបានជ្រើសរើស ផ្អែកតាមលក្ខណៈប្រភេទ នៃស្តង់ដារអន្តរជាតិមានចំនួន១៨៦មូលដ្ឋាន ដែលស្ថិតនៅក្នុងរាជធានីខេត្ត ទាំង២៥ ដើម្បីសម្ភាសន៍ប្រមូលទិន្នន័យព័ត៌មានផ្នែកកសិកម្ម និងជលផលដោយប្រើប្រាស់ម៉ាស៊ីនតាប្លែត (TABLET)។
ទេសរដ្ឋមន្ដ្រី ឆាយ ថន បានបន្ថែមទៀតថា ផ្អែកតាមលទ្ធផលទិន្នន័យអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញអំពីនិន្នាការ នៃស្ថានភាពគ្រួសារ ធ្វើសកម្មភាពប្រកបមុខរបរ ក្នុងវិស័យកសិកម្មមាន៧២ភាគរយ នៅឆ្នាំ២០១៩ នៅខណៈដែលមានគ្រួសារប្រកប មុខរបរកសិកម្មមាន៨៥ភាគរយ នៅឆ្នាំ២០១៣ (របាយការណ៍លទ្ធផល នៃជំរឿនកសិកម្ម នៅកម្ពុជា ឆ្នាំ២០១៣) ដែលបានរួមចំណែកជំរុញកំណើនតម្លៃបន្ថែម នៃផលិតកម្មក្នុងស្រុកសរុប (ផសស ឬ GDP) នៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនឡើង៤ភាគរយ នៅឆ្នាំ២០១៩ គិតតាមថ្លៃបច្ចុប្បន្ន។
បន្ថែមពីនោះទៀត ទេសរដ្ឋមន្ដ្រី ឆាយ ថន បានបញ្ជាក់ថា ចំនួនគ្រួសារកាន់កាប់កសិកម្ម (ប្រកបមុខរបរកសិកម្ម) មានជាង១.៧លានគ្រួសារ ដែលក្នុងនោះ មានគ្រួសារ ធ្វើកសិកម្ម សម្រាប់ការប្រើប្រាស់ ក្នុងគ្រួសារ មានជាង៦១ភាគរយ និងមានគ្រួសារធ្វើកសិកម្ម សម្រាប់លក់លើទីផ្សារ មានប្រមាណ ៣៩ភាគរយ។ ចំនួនគ្រួសារ កសិកម្ម មានម្ចាស់កម្មសិទ្ធិក្បាលដីកសិកម្មមាន ៩៨ភាគរយ ខណៈគ្រួសារដែលបានចុះបញ្ជីក្បាលដីកសិកម្ម មានប្រមាណតែ១៩ភាគរយ នៃគ្រួសារប្រកបមុខរបរ កសិកម្មសរុប។
លោកកិត្ដិសេដ្ឋាបណ្ឌិត ឆាយ ថន បានឲ្យដឹងទៀតថា គ្រួសារមានសកម្មភាពដាំដុះដំណាំ៨៨ភាគរយ គ្រួសារកសិកម្មបានចិញ្ចឹមបសុសត្វ និង/ឬ បសុបក្សីមានជាង ៧៥ភាគរយគ្រួសារ ដែលចូលរួមក្នុងសកម្មភាពវារីវប្បកម្ម និង/ឬ នេសាទ មានជាង១៥ភាគរយ និងគ្រួសារចូលរួម ក្នុងសកម្មភាពវិស័យព្រៃឈើ (អនុផលព្រៃឈើ) មាន ១១ភាគរយ នៃគ្រួសារប្រកបមុខរបរកសិកម្មសរុប។
ទេសរដ្ឋមន្ដ្រី ឆាយ ថន បានបន្ដថា ទំហំនៃគ្រួសារប្រកបមុខរបរកសិកម្មជាមធ្យម មានចំនួន៤នាក់។ មេគ្រួសារជាស្រ្តីចូលរួមការងារកសិកម្មមាន៥១ភាគរយ និងបុរសមាន៤៩ភាគរយ នៃគ្រួសារសរុប។ សមាជិកគ្រួសារចូលរួមក្នុងវិស័យកសិកម្មកាគច្រើន គឺមានក្រុមអាយុពី២៥ ដល់ ៤៤ឆ្នាំ។ ចំពោះកុមារមានក្រុមអាយុតិចជាង១៥ឆ្នាំ គឺបានចូលរួមជួយការងារក្នុងគ្រួសារប្រកបមុខរបរកសិកម្ម។
ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ឆាយ ថន ក៏បានលើកឡើងថា កម្រិតនៃការសិក្សាអប់រំ របស់សមាជិកគ្រួសារក្នុងវិស័យកសិកម្ម គឺភាគច្រើនមានកម្រិតសិក្សាអប់រំនៅត្រឹម កម្រិតវិទ្យាល័យ (ត្រឹមថ្នាក់បាក់ឌុប ឬថ្នាក់ទី១២ ចុះក្រោម) មាន ៩៦.៣ភាគរយ ខណៈដែលមានកម្រិតការសិក្សាអប់រំ និងបច្ចេកទេសមានតែ ២,៤ ភាគរយ ដែលបានចូលរួមការងារ នៅក្នុងវិស័យកសិកម្មនេះ។
សូមបញ្ជាក់ថា របាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ គឺជាសមិទ្ធិផលស្ថិតិទិន្នន័យថ្មីមួយទៀត ក្នុងវិស័យកសិកម្ម ដែលនាំឲ្យមានទិន្នន័យ កាន់តែសំបូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកប្រើប្រាស់នៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសមានសូចនាករ គាំទ្រដល់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ ២០៣០ (SDGs) ក្នុងវិស័យកសិកម្មដែលមានគោលដៅសំខាន់ៗគឺ៖
គោលដៅទី១៖ បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង
គោលដៅទី២៖ បញ្ចប់ភាពអត់ឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព
គោលដៅទី៣៖ សម្រេចបាននូវសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងបុរស
គោលដៅទី៤៖ ធានាឲ្យមានទឹកនិងអនាម័យ និងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប៕