(កំពង់ឆ្នាំង-ពោធិ៍សាត់)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងលើខ្លឹមសារនៃច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធការផលិតកែច្នៃ ការចែកចាយផលិតស្រាស ស្រាថ្នាំ ដែលផលិតនៅកម្ពុជា នៅខេត្តគោលដៅចំនួន ២បន្ថែមទៀត គឺខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់
ពិធីនេះបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក សុិន សុីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត ផលិតករ អាជីវករ សរុបចំនួន ៦៩នាក់។
ជាមួយគ្នានេះដែរ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សិក្ខាសាលាផ្សព្វផ្សាយខាងលើត្រូវបានរៀបចំឡើងនៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន និងលោក ចក់ សាយ នាយករងរដ្ឋបាលខេត្ត តំណាងអភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោក លោកស្រី ជាប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត និងលោក លោកស្រី ជាផលិតករ អាជីវករ អ្នកចែកចាយ នៅក្នុងខេត្តពោធិ៍សាត់ សរុបជិត១០០នាក់។
លោក ស៊ិន ស៊ីដេត និងលោក ឃួន សាវុធ បានថ្លែងរួមគ្នាថា ដោយមានការចង្អុលបង្ហាញ ពីលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលតែងតែណែនាំមកអគ្គនាយកដ្ឋាន ក.ប.ប. ឱ្យខិតខំបន្តយកចិត្តទុកដាក់ លើសុខុមាលភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ តាមរយៈការបើកវគ្គអប់រំ ផ្សព្វផ្សាយពីបទប្បញ្ញត្តិពាក់ព័ន្ធនានាដល់អាជីវករ អ្នកផលិតផលិតផលម្ហូបអាហារ និងវិធីសាស្ត្របង្ការ ករណីគ្រោះថ្នាក់ពីការបរិភោគផលិតផលម្ហូបអាហារមួយចំនួនដែលមានហានិភ័យ ជាក់ស្តែងនៅខេត្តក្រចេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ និងខេត្តពោធិ៍សាត់ ធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈនេះ។
ថ្លែងក្នុងសិក្ខាសាលាខាងលើអគ្គនាយករងទាំងពីរ បានបញ្ជាក់ថា ផលិតផលស្រាស និងស្រាថ្នាំ ត្រូវបានអគ្គនាយកដ្ឋាន ក.ប.ប. ចាត់ទុកជាផលិតផលមានហានិភ័យខ្ពស់ ទើបអគ្គនាយកដ្ឋាន ក.ប.ប. បើកវគ្គអប់រំផ្សព្វផ្សាយ ឱ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីឱ្យភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋបានយល់ដឹង តាមរយៈការចែកខិតប័ណ្ណអប់រំ ការយល់ដឹងករណីពុលស្រា និងផលប៉ះពាល់សុខភាព ដល់អ្នកចូលរួម និងបន្តចែកជូនតាមរយៈអាជ្ញាធរដែនដី ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានបានស្វែងយល់ និងអាចការពារពីករណីពុលស្រាជាយថាហេតុ។
ជាមួយគ្នានឹងបទបង្ហាញអំពីវិធានការបង្ការពីការពុលស្រា និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីឱ្យលោក លោកស្រី ជាផលិតករ អាជីវករ អ្នកចែកចាយ យល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងរបៀបផលិត ចែកចាយ និងការដាក់លក់ឱ្យបានត្រឹមត្រូវ ធានាឱ្យមានការអនុវត្តអាជីវកម្ម ចែកចាយផលិតផលស្រាស និងស្រាថ្នាំ ប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព លុបបំបាត់ និងកាត់បន្ថយជាអតិបរមា ពីការពុលស្រា ដល់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ចំពោះអ្នកបំពាន តាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល ឬធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកប្រើប្រាស់។
គួរបញ្ជាក់ថា កន្លងមកមានករណីពុលស្រា ជាច្រើនករណីដូចជា៖ ករណីពុលស្រា នៅខេត្តពោធិ៍សាត់ នៅឆ្នាំ២០១៦ បណ្តាលឱ្យមនុស្សចំនួន ៥០នាក់ឈឺ និង១០នាក់បានស្លាប់, ករណីពុលស្រា នៅខេត្តក្រចេះ នៅឆ្នាំ២០១៨ បណ្តាលឱ្យមនុស្សចំនួន ៦២នាក់ឈឺ និង៣នាក់បានស្លាប់, ករណីពុលស្រាថ្នាំ យីហោ តាំង កួយ នៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមនុស្សចំនួន ៨នាក់បានស្លាប់ និងករណីពុលស្រា នៅខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមនុស្សចំនួន៧នាក់ បានស្លាប់ និងមានអ្នករងគ្រោះរាប់រយនាក់ កាលពីឆ្នាំ២០២០កន្លងមកថ្មីៗនេះ។
ក្នុងករណីមានការមានការសង្ស័យការក្លែងបន្លំផលិតផលម្ហូបអាហារ ឬការដាក់បន្ថែមសារធាតុគីមីហាមឃាត់ សូមបងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ត្រូវផ្តល់ព័ត៌មានមក អគ្គនាយកដ្ខាន ក.ប.ប. តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦៕