(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកាចំនួន៥០ម៉ឺនដុល្លារ ជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជា ដែលមានពិការភាព និងក្រីក្រ១។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកោតសរសើរទឹកចិត្តមនុស្សធម៌ របស់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានខិតខំកៀរគររកថវិកា សម្រាប់ជួយផ្តល់ទីជម្រកសមរម្យ ជូនអតីតយុទ្ធជនកម្ពុជា ដែលមានពិការភាព និងក្រីក្រ១។
លោកស្រីបានបន្ថែមទៀតថា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា មិនបានប្រារព្ធមីទ្ទីង ៨ឧសភាទេ ប៉ុន្តែកាកបាទក្រហមកម្ពុជា មានពិធីទទួលថវិកាពីសប្បុរសជន ដូចឆ្នាំ២០២០ដែរ។ លោកស្រីអគ្គលេខាធិការ បានបន្ថែមទៀតថា កាកបាទក្រហមកម្ពុជា នឹងណែនាំដល់សាខាកាកបាទក្រហមកម្ពុជា ឲ្យសហការជាមួយសមាគមតាមខេត្ត ដើម្បីចូលរួមជួយសាងសង់ផ្ទះ កាប់ដីធ្វើថ្នាលបន្លែជូនពួកគាត់ សម្រាប់ដាំបន្ថែ ដើម្បីជាទុនដំបូង ជួយសម្រាលការលំបាករបស់ពួកគាត់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារនេះ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា មានពិការភាព និងមានជីវភាពក្រីក្រ១ ដើម្បីលើកកម្ពស់ជីវភាព និងសេចក្តីតថ្លៃថ្នូររបស់ពួកគាត់។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវរបស់សមាគម មានអតីតយុទ្ធជនកម្ពុជា ដែលមានពិការភាព និងក្រីក្រ១ មានចំនួន៨៧៦គ្រួសារ ក្នុងខេត្តចំនួន៤ ហើយថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះនឹងចាប់ផ្តើមដំបូង យកមកធ្វើផ្ទះជូនអតីតយុទ្ធជនកម្ពុជា ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ព្រោះអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា បានផ្តល់សម្បទានដីសង្គមកិច្ចរួចហើយ ដូច្នេះទើបលោកទេសរដ្ឋមន្ត្រី បានរៀបចំផែនសាងសង់ផ្ទះ ហើយបង្កើតភូមិមួយ នៅស្រុកក្រវ៉ាញ នេះតែម្តង។
សូមបញ្ជាក់ថា ផ្ទះដែលគ្រោងនឹងធ្វើនេះ មានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ មានផ្តះបាយ១ និងតសំយាប ធ្វើពីដែក សរសរ បេតុង៩ដើម ជញ្ជាំងស្មាតបត ក្រាលក្តាកុងផ្លាកកេកម្រាស់១២លី ដែលមានតម្លៃក្នុង១ខ្នង ស្មើនឹង៣០០០ដុល្លារ៕