(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាឲ្យនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្រាវជ្រាវរកក្រុមហ៊ុនបម្រើ សេវាសន្ដិសុខ ដែលមិនបានចុះបញ្ជីត្រឹមត្រូវ មកចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីការពារប្រយោជន៍ជូនក្រុមហ៊ុន ដែលចុះបញ្ជីត្រឹមត្រូវ។
ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងសន្ដិសុខឯកជន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានអះអាងថា ប្រសិនបើក្រុមហ៊ុនបម្រើសេវាសន្ដិសុខណាមួយ មិនចុះបញ្ជីត្រឹមត្រូវ ហើយលួចធ្វើអាជីវកម្មនោះ អាចធ្វើឲ្យខូចតម្លៃដល់ក្រុមហ៊ុន ដែលបានចុះបញ្ជីត្រឹមត្រូវ នៅពេលប្រជាពលរដ្ឋជួលភ្នាក់ងារសន្ដិសុខឯកជននោះទៅការពារ។
ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបញ្ជាក់យ៉ាងដូច្នេះថា «ជនណាក៏ដោយដែលកំពុងធ្វើសកម្មភាព ឬអាជីវកម្មពាក់ព័ន្ធការងារសន្ដិសុខឯកជន ដោយគ្មានច្បាប់អនុញ្ញាត។ ទន្ទឹមនឹងការជួយពង្រឹងការងារច្បាប់ ទម្លាប់ដល់អ្នកដែលធ្វើការងារត្រឹមត្រូវតាមច្បាប់ ក៏យើងត្រូវរកឲ្យឃើញអ្នកដែលប្រព្រឹត្ត ខុសច្បាប់ដែរ។ នេះគ្រោះថ្នាក់ គ្រោះថ្នាក់ត្រង់ថា ក្រុមហ៊ុនសន្ដិសុខឯកជន គាត់ធ្វើការងាររបស់គាត់ ពាក់ព័ន្ធមុខជំនួញបើសិនជាក្រុមហ៊ុនអត់ច្បាប់ទៅបង្កើត ហើយប្រជែងធ្វើឲ្យខូចទីផ្សារ ខូចតម្លៃ ខូចអាជីវកម្មរបស់គាត់»។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានលើកឡើងទៀថា ដើម្បីនាយកដ្ឋានជំនាញមានមូលដ្ឋានក្នុងការគ្រប់គ្រងបន្ថែមទៀតនោះ ត្រូវណែនាំ និងប្រាប់ទៅក្រុមហ៊ុនភ្នាក់ងារសន្ដិសុខដែលបានចុះបញ្ជី ត្រូវជួយសហការ ក៏ដូចជាផ្ដល់ព័ត៌មានអំពីក្រុមហ៊ុនណាដែលសង្ស័យថា ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក៏បានណែនាំដល់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខ ឯកជន ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងលើការងារគ្រប់គ្រងក្រុមហ៊ុនសន្ដិសុខឯកជន តាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីមានតួលេខច្បាស់លាស់ និងផ្ដល់ភាពងាយស្រួលនៅពេលមានបញ្ហាអ្វីមួយកើតឡើង។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានសង្កត់ធ្ងន់ថា សន្ដិសុខឯកជនពុំមែនមានត្រឹមតែបម្រើការងារដល់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានប៉ុណ្ណោះទេស គឺមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារទ្រព្យសម្បត្តិ និងអាយុជីវិតដល់ប្រជាពលរដ្ឋផងដែរ ហើយភ្នាក់ងារសន្ដិសុខឯកជន តួនាទីជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភ្នាក់ងារសន្ដិសុខឯកជន ដែលបានចុះបញ្ជីត្រឹមត្រូវ មានចំនួន២៣៤ក្រុមហ៊ុន មានកម្លាំង១២,៩៦៨នាក់ ស្រី១,៩៤២នាក់។ ដោយឡែក គ្រឹះស្ថានដែលប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជន មានចំនួន២,០១៦គ្រឹះស្ថាន មានកម្លាំង១៣,៣៥៩នាក់។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី រហូតមកដល់ពេលនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខ ឯកជន បានចំនួន៣១វគ្គ មានសិក្ខាកាមចូលរៀនសរុប ចំនួន៥,៧៣៣នាក់៕