(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ ជាពិសេសមន្ត្រីចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានា ប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។
ការណែនាំបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង ជាប្រធានក្រុមលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវសកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុជអាលប៉ុនប៉ងបង្កឱ្យមានអំពើហិង្សា ភាពចលាចលវឹកវរ អសន្តិសុខក្នុងសង្គម។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងយ៉ាងដូច្នេះថា៖ «មន្ដ្រីចុះមូលដ្ឋានត្រូវផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ជូនប្រជពលរដ្ឋ និងមន្ដ្រីរាជការនៅថ្នាក់ក្រោម រួចហើយអំពាវនាវឱ្យមានការចូលរួមគាំទ្រ និងអនុវត្តក្នុងគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើតាមហ្នឹងទៅអត់ខុសទេ ខ្ញុំហ៊ានធានាថា មិនខុសដោយសារប្រជាជនយើងគាត់ចង់បានអ្វី យើងធ្វើតាមនឹងទៅ»។
សម្តេចបានបន្តថា ក្នុងនាមអាជ្ញាធរត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានូវការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗដែលមានចរិតអុជអាលបង្កឱ្យមានហិង្សាក្នុងសង្គម និងខិតខំបំផុសអប់រំប្រជាពលរដ្ឋឱ្យខិតខំគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់ ក៏ដូចសកម្មភាពដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
សម្ដេចក្រឡាហោម ស ខេង បានលើកឧទាហរណ៍ថា «មានប្រជាជនស្រែកថា មានគ្រឿងញៀន មានចោរប្លន់ មានល្បែងស៊ីសង់ យើងត្រូវចាត់ទុកថា ជាកញ្ចក់បានឆ្លុះឲ្យយើងឃើញ ទ្រឹស្ដីនយោបាយថា មហាជន និងប្រជាជន ជាកញ្ចក់។ ដូច្នេះ ការទាមទារ និងសំណូមពរទាំងឡាយរបស់ប្រជាជនត្រូវចាត់ទុកថា ជាកញ្ចក់ ហើយយើងយកមកឆ្លុះ ដើម្បីបម្រើពួកគាត់វិញ»។
សម្តេចក៏បានណែនាំទៅដល់ ក្រុមការងារចុះមូលដ្ឋាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវដោះស្រាយភ្លាមៗនូវសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់ជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពនៃការរស់នៅរបស់ពួកគាត់។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថា ធ្វើអ្វីក៏ដោយឱ្យតែធ្វើតាមការសំណូមពររបស់ ប្រជាពលរដ្ឋ នឹងទទួលបានជោគជ័យ។ សម្ដេចក្រឡាហោម បានបន្ដថា ប្រសិនបើធ្វើផ្ទុយពីបំណងប្រជាពលរដ្ឋ នឹងមិនបានទទួលជោគជ័យឡើយ ទោះបីមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ៕