(សៀមរាប)៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺជាសារមន្ទីរដែលតាំងពិព័រណ៍បង្ហាញផលិតផលវាយនភណ្ឌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គា ដែលមានអាសយដ្ឋាននៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សារមន្ទីនេះបានកសាងឡើងនៅឆ្នាំ២០១០-២០១១ និងបើកឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន ៦ ចូលរួម ដូចជាប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

គោលបំណងនៃការកសាងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺដើម្បីថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ។

បន្ទាប់ពីបើកដំណើរការ សារមន្ទីរបានតាំងបង្ហាញនូវសមុច្ច័យ (ការរួបរួមប្រមូលផ្សំ) សំខាន់ៗជាច្រើនមកពីប្រទេសជាសមាជិកក្នុងសាលពិព័រណ៍ទាំង ៤ របស់សារមន្ទីរ ដូចជាសាលព័ត៌មានពិព័រណ៍ សាលពិព័រណ៍វត្ថុធាតុដើម និងដំណើរការផលិត សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ។

សារមន្ទីរនេះបើកជូនសាធារណជនចូលទស្សនាពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ចាប់ពីម៉ោង ៨៖៣០ នាទីព្រឹក ដល់ម៉ោង ៤៖០០ នាទីល្ងាច ជាពិសេសមិនគិតថ្លៃចំពោះព្រះសង្ឃ ដូនជី តាជី និងកុមារក្រោមអាយុ ១២ ឆ្នាំ។ សារមន្ទីរនេះក៏មានមគ្គុទ្ទេសក៍ជំនាញនៅចាំពន្យល់បកស្រាយជូនភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដោយឥតគិតថ្លៃផងដែរ៕