(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សព្វថ្ងៃនេះមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន ១២ ដែលកំពុងផ្តល់ការបណ្តុះបណ្តាលើជំនាញបច្ចេកទេស និងវិជ្ជាជីវ: ដូចជាវិស័យសំណង់ អគ្គិសនី មេកានិក កម្មន្តសាល ធុរកិច្ច និងព័ត៌មានវិទ្យា និងទេសចរណ៍ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
លោក ពេជ សោភ័ន លើកឡើងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដែលរងផលប៉ះពាល់ពីការបិទ ឬព្យួរ សហគ្រាសគ្រឹះស្ថាន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
លោក ពេជ សោភ័ន បានបញ្ជាក់ថា ថ្ងៃនេះជាលទ្ធផលថ្មីមួយទៀតដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបាននោះគឺការផ្តល់វគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស សម្រាប់កម្មករនិយោជិតដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុង១ខែ/ម្នាក់ សម្រាប់រយៈពេល៤ខែ ដល់កម្មករនិយោជិតដែលបានព្យួរការងារ និងបាត់បង់ការងារដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ រួមមាន៖ វិស័យសំណង់ អគ្គិសនី មេកានិក កម្មន្តសាល ធុរកិច្ច និងព័ត៌មានវិទ្យា និងទេសចរណ៍ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
សព្វថ្ងៃនេះមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន ១២ ដែលកំពុងផ្តល់ការបណ្តុះបណ្តាលកម្មវិធីខាងលើ ហើយបានជ្រើសរើសសិស្សឱ្យចូលរៀនបានចំនួន ៣,៣៦០នាក់ (ស្រី ១,៩០៣នាក់) ធៀបជាមួយនឹងផែនការបណ្តុះបណ្តាលសរុបចំនួន ៦,៥០០នាក់។
គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងនោះរួមមា៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ រាជធានីភ្នំពេញ វិទ្យាស្ថានពហុបច្ចេកទេសឧស្សាហកម្មរាជធានីភ្នំពេញ វិទ្យាស្ថានជាតិសហគ្រាសភាព និងនវានុវត្តន៍ រាជធានីភ្នំពេញ វិទ្យាស្ថានពាណិជ្ជសាស្ត្រ រាជធានីភ្នំពេញ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។
លោក ពេជ សោភ័ន លើកឡើងបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូរ និងការគាំពារសង្គមរបស់កម្មករនិយោជិត និងទេសន្តរប្រវេសន៍ខ្មែរ ការពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ជាក់ស្តែងក្នុងឆ្នាំ២០២០ កន្លងមកនេះ ក្រសួងបានផ្តល់ការបណ្តុះបណ្តាលបច្ចកទេស និងវិជ្ជាជីវៈ ជូនប្រជាជន កម្ពុជាជាង ៧ម៉ឺននាក់ ដោយការបណ្តុះបណ្តាលបានអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការបណ្តុះបណ្តាលតាម Online ឬពីចម្ងាយ ដើម្បីបន្តនិរន្តរភាពការបណ្តុះបណ្តាល ជំនាញសម្រាប់ការងារ ឬបង្កើតមុខរបរដោយខ្លួនឯង។
កិច្ចការ និងវិធានការទាំងអស់ដែលក្រសួងបានអនុវត្ត គឺដើម្បីចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជាដែលមានជំនាញ និងមានសមត្ថភាពដោយ ឈរលើគោលការណ៍ តម្លាភាព គណនេយ្យភាព នីតិរដ្ឋ និងបេ្តជ្ញាបង្កើតឱ្យបាននូវកម្លាំងពលកម្មប្រកបដោយសមត្ថភាព ផលិតភាព ឥរិយាបថ ការងារ និងមនសិការ និងសីលធម៌វិជ្ជាជីវៈខ្ពស់ ធន់នឹងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។
លោករដ្ឋលេខាធិការប្រចាំការបានអះអាងថា ក្នុងបរិការណ៍ និងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវការសម្រួល ដល់ដំណើរការអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និងវិនិយោគ និងធានាបាននូវការងារ ជូនដល់កម្មករនិយោជិត ដោយបានកាត់បន្ថយចំនួន អ្នកគ្មានការងារធ្វើក្នុងអត្រាទាបបំផុត ហើយអាចរក្សាបានលំនឹងជីវភាពរស់នៅរបស់កម្មករនិយោជិត ដោយខិតខំអនុវត្តបានជោគជ័យ នូវកញ្ចប់វិធានការទាំង ៧ជុំ របស់រាជរដ្ឋាភិបាល ជាពិសេសការជំរុញក្នុងការអនុវត្ត គោលនយោបាយជាតិគាំពារសង្គម និងវិធានការជំនួយសង្គមដល់កម្មករ និយោជិតក្នុងគោលបំណងជួយទំនុកបម្រុង ដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិត ជួយទំនុកបម្រុងគ្រួសារក្រីក្រ និងជនងាយរងគ្រោះ និងជួយទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិ៕