(កំពង់ឆ្នាំង)៖ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺជាស្រុកមួយដែលសម្បូររឿងរ៉ាវប្រវត្តិសាស្រ្ត និងប្រាសាទបុរាណច្រើនជាងគេ ក្នុងចំណោមស្រុកទាំង៨ ក្នុងខេត្តជាប់បឹងទន្លេសាបមួយនេះ។ សប្តាហ៍មុន ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានទៅដល់ប្រាសាទចំនួន២ ក្នុងចំណោមប្រាសាទជាច្រើន ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺប្រាសាទប្រុស និងប្រាសាទស្រី។
ប្រាសាទប្រុស ដែលបច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋហៅថា ប្រាសាទសក្ល ស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង សង់នៅលើទីទួលមួយកន្លែង កណ្ដាលវាលស្រែ មានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង។ ប្រាសាទនេះមានឈ្មោះពិត គឺជាប្រាសាទប្រុស ប៉ុន្តែក្រោយមកអ្នកស្រុកបានហៅថាប្រាសាទសក្ល តាមរឿងព្រេងនិទាន។
បើតាមរឿងនិទានបាននិទានថា ការសាងសង់ប្រាសាទទាំង ២នេះឡើង គឺពីដើមឡើយមានការភ្នាល់គ្នារវាងប្រុស និងនារី។ បើខាងប្រុសឈ្នះ ខាងស្រីត្រូវតែស្រីទៅដណ្ដឹងប្រុស តែបើខាងស្រីឈ្នះ ខាងប្រុសត្រូវទៅដណ្ដឹងស្រីវិញ។ កាលណោះខាងប្រុសបានសាងសង់ប្រាសាទ១ ដែលមានទីតាំងនៅទួលប្រាសាទខាងលើនេះ ចំណែកខាងស្រីបានកសាងប្រាសាទមួយនៅក្នុងវត្តប្រាសាទ ក្នុងឃុំដា ស្រុកកំពង់លែងសព្វថ្ងៃនេះ។
សូមជម្រាបថា កាលណោះខាងស្រីបានប្រើប្រាជ្ញារបស់ខ្លួន ដោយបានលើកគោមបង្ហោះឡើង ចំណែកខាងប្រុសបានឃើញភ្លើងគោមស្មានថាផ្កាយព្រឹករះ ក៏នាំគ្នាឈប់សាងសង់ប្រាសាទ។ ខាងស្រីបាននាំគ្នាបន្តសាងសង់ រហូតព្រឹកឡើងបានរួចរាល់មុនប្រុសៗ និងបានឈ្នះខាងប្រុស។
ដូច្នេះហើយទើបតាំងពីពេលនោះមកប្រពៃណីខ្មែរយើងប្រុសទៅដណ្ដឹងស្រី ហើយចាប់ពីពេលនោះមកប្រាសាទប្រុសដែលធ្វើមិនទាន់ហើយនៅសេសសល់ខ្លះ ទើបបានក្លាយឈ្មោះជាប្រាសាទសក្ល ឬមានន័យថា ប្រាសាទដែលធ្វើមិនទាន់រួច។ រីឯប្រាសាទស្រីបច្ចុប្បន្នស្ថិតនៅក្នុងវត្តប្រាសាទ ឃុំដា ស្រុកកំពង់លែង មានចម្ងាយពីប្រាសាទប្រុសប្រមាណជា ៣គីឡូម៉ែត្រ ជាប្រាសាទដែលបានធ្វើរួចរាល់ហើយនោះ គឺមានក្បូរក្បាច់រចនាស្រស់ត្រកាល សមជាស្នាដៃដ៏ល្អស្ស់របស់ស្រីៗពិតប្រាកដមែន។
ប្រាសាទប្រុស ឬប្រាសាទសក្ល និងប្រាសាទស្រីខាងលើនេះ បានកសាងឡើងក្នុងចន្លោះសតវត្សរ៍ទី៨និងទី៩ ដែលប្រាសាទទាំង២នេះកសាងឡើងតាមរចនាបថកំពង់ព្រះ។ តាំងពីពេលមុនមកដល់បច្ចុប្បន្នប្រាសាទទាំងពីរនេះ មិនសូវមានភ្ញៀវទស្សនានោះទេ យូរៗទើបមានភ្ញៀវបរទេសចូលមក ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិប្រាសាទទាំងនេះម្ដង។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ប្រាសាទទាំងពីរខាងលើនេះកសាងឡើងនៅចន្លោះសតវត្សទី៨និង៩ តាមរចនាបទប្រាសាទកំពង់ព្រះ នាសម័យនោះដែរមានស្ដេចស្រីមួយអង្គគ្រងរាជ ព្រះនាមជ័យទេវី។ ប្រាសាទទាំង២នេះ ស្ថិតនៅលើទីតាំងដែលមានបរិស្ថានល្អ និងមានផ្លូវថ្នល់សម្រាប់ភ្ញៀវធ្វើដំណើរ ចូលទៅទស្សនាប្រាសាទបានយ៉ាងងាយស្រួលផងដែរ។
សូមបញ្ជាក់ថា បើប្រិយមិត្តចង់មកទស្សនាប្រាសាទទាំង២នេះ ត្រូវធ្វើដំណើរឆ្លងទូកដរ ចេញពីផ្សារក្រោមក្រុងកំពង់ឆ្នាំង មកឡើងកំពង់ហៅ ក្នុងឃុំកំពង់បឹង ដោយធ្វើដំណើរចេញពីកំពង់ហៅ ទៅកាន់ប្រាសាទទាំងពីរនេះតាមផ្លូវក្រាលកៅស៊ូ មានចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រ។ បើធ្វើដំណើរមកពីខេត្តកំពង់ធំ ប្រមាណជា ៥០គីឡូម៉ែត្រ នឹងទៅដល់ប្រាសាទទាំង២នេះ ដោយមិនចាំបាច់ឆ្លងទូកដរនោះឡើយ៕