(ភ្នំពេញ)៖ លោក ចាប តូ តំណាងឱ្យជនមានពិការភាពទាំងអស់ ដែលរស់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្ដសណ្ដោសប្រណី ប្រកបដោយព្រហ្មវិហារធម៌ របស់មាតាមនុស្សធម៌ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា និងគិតគូរគ្រប់ជ្រុងជ្រោយ។

លោកបន្ដថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជាម្ដាយ និងលោកឪពុក ដែលតែងតែផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ពលរដ្ឋគ្រប់រូប ជាពិសេសកូនចៅដែលមានពិការភាព ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ការថ្លែងបែបនេះរបស់លោក ចាប តូ ក្នុងឱកាស មន្ដ្រីកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដោយនាំមកជាមួយនូវអំណោយមនុស្សធម៌ និងបានរៀបចំអាហារពេលល្ងាច ជូនដល់មជ្ឈមណ្ឌលនេះ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

ការផ្តល់អំណោយមនុស្សធម៌នេះ ជាលើកទី១៤ហើយ ដល់ជនមានពិការភាពចំនួន១៣៧នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈជនមានពិការភាពភ្នែក ក្រោមការយកចិត្ដទុក្ខដាក់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកអាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះជនមានពិការភាពភ្នែកទាំងអស់ ជាពិសេសសូមលើកទឹកចិត្តឱ្យកូនចៅទាំងអស់ ខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯង ឱ្យស័ក្តិសមថា «ពិការកាយ តែមិនពិការចិត្ត»

ទន្ទឹមនឹងនេះ លោកស្រីបានកោតសរសើរ ចំពោះជនមានពិការភាពភ្នែក ដែលបានខិតខំប្រឹងប្រែង លើកគុណតម្លៃផ្ទាល់ខ្លួន តាមរយៈការប្រព្រឹត្តនូវអំពើល្អ ដែលជាគុណប្រយោជន៍របស់សង្គមជាតិ ជាពិសេសការប្តេជ្ញាចិត្តបណ្តុះនូវគុណតម្លៃផ្ទាល់ខ្លួន ដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ជាមួយគ្នានេះ លោកស្រីបានក្រើនរម្លឹកដល់ពួកគាត់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងវិធានការនានារបស់ក្រសួងសុខាភិបាល វិធានការ៣កុំ-៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈជនមានពិការភាពភ្នែក ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួមមាន៖ អង្ករ២តោន, មី៥០កេស, ត្រីខ៥០០កំប៉ុង, ទឹកស៊ីអ៊ីវ ៦០ដប, ទឹកត្រី៦០ដប, ផ្លែប៉ោម១កេស, ផ្លែក្រូចខ្វិច ១កេស, ផ្លែទំពាំងបាយជូរ ២កេស, ទឹកសុទ្ធ២០កេស, ទឹកក្រូច២០កេស, ជែលលាងដៃ៤កេស និងថវិកា១០លានរៀល។ ជនមានពិការភាព ១៣៧នាក់ ម្នាក់ៗទទួលបាន ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, ថវិកា៥ម៉ឺនរៀល និងអាហារ ១ពេល៕