(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងឲ្យម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋានទាំងអស់ រួសរាន់ដាក់លិខិតប្រកាសបង់ពន្ធតែមប្រិ៍សារពើពន្ធ សម្រាប់ឆ្នាំ២០២១នេះ ឲ្យទាន់ពេល ជៀសវាងការកកស្ទះ ខណៈផុតកំណត់ថ្ងៃទី៣១ ខែមីនាខាងមុខនេះ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ដើម្បីជៀសវាងការកកស្ទះក្នុងការទទួលលិខិតប្រកាស និងបង់ប្រាក់ពន្ធខាងលើម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋាន ដែលជាអ្នកជាប់ពន្ធធំ និងអ្នកជាប់ពន្ធតូច-មធ្យម ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ រួសរាន់អញ្ជើញមកដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតែមប្រិ៍សារពើពន្ធឲ្យបានទាន់ពេលវេលា នៅទីចាត់ការពន្ធដាររាជធានីភ្នំពេញ។
ដោយឡែកចំពោះសហគ្រាសអ្នកជាប់ពន្ធតូច-មធ្យម ដែលមានអាសយដ្ឋាននៅតាមបណ្តាខេត្ត សូមដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតែមប្រិ៍សារពើពន្ធ នៅតាមសាខាពន្ធដារខេត្ត ដែលសហគ្រាសស្ថិតនៅ។
ក្នុងករណីហួសកាលកំណត់ខាងលើនេះក្រុមហ៊ុន ឬអាជីវកម្មដ្ឋានរបស់លោក-លោកស្រីនឹងត្រូវទទួលរងទោសទណ្ឌ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕