(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបង្ហាញ QR Code និង Link ដើម្បីឲ្យសាធារណជនចូលរួម វាយតម្លៃដល់បេក្ខភាពក្រុង ខណ្ឌ ដែលបានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ។ នេះបើតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្តីជូនដំណឹងដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចូលរួមវាយតម្លៃដល់បេក្ខភាពក្រុង ខណ្ឌ ដែលបានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ដោយចុចទៅលើប៊ូតុង «ពេញចិត្ត» ឬ «មិនពេញចិត្ត» លោកអ្នកអាចធ្វើតាមរយៈស្កេនកូដ (QR Code) ឬចុចតំណរ Link: http://cambodiacleancity.gov.kh/kh/tourismsafetymeasure »។
ក្រសួងទេសចរណ៍ ថែមទាំងបានអំពាវនាវដល់សាធារណជនទាំងអស់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមវាយតម្លៃដល់បេក្ខភាពក្រុង ខណ្ឌ ដែលបានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ដោយចុចទៅលើប៊ូតុង «ពេញចិត្ត» ឬ «មិនពេញចិត្ត» ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍តាមក្រុង ខណ្ឌ ដែលពួកគេធ្លាប់បានប្រើប្រាស់សេវាកម្មផងដែរ។
សូមបញ្ជាក់ថា ការអំពាវនាវឲ្យចូលរួមវាយតម្លៃខាងលើ ធ្វើឡើងដោយយោងសេចក្ដីសម្រេចលេខ ០០៧ សសរ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីលក្ខណវិនិច្ឆ័យ និងនីតិវិធីនៃការផ្ដល់វិញ្ញាបនបត្របញ្ជាក់ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» និងសេចក្ដីជូនដំណឹងលេខ ០១០ សជណ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីការប្រឡងប្រណាំង «ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍» ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»៕