(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តព្រៃវែង» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមជាវាគ្មិនពី តំណាងរបស់ខេត្តកោះកុង ដឹកនាំដោយលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត។
សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។
លោក ស្បោង សារ៉ាត់ បានបញ្ជាក់ថា ខេត្តព្រៃវែង ជាខេត្តដែលមានសក្តានុពលផ្នែកកសិកម្ម មានផ្ទៃដីបង្កបង្កើនផលសរុបចំនួន ៣២៥,០០០ហិកតា ក្នុងនោះ ផ្ទៃដីស្រូវវស្សាអនុវត្តបាន២៨០,៣៩៩ហិកតា ស្មើនឹង១១២.១៦% នៃផែនការ២៥០,០០០ហិកតា លើសឆ្នាំមុនចំនួន៩,៨៥៥ហិកតា និងទទួលបានទិន្នផលជាមធ្យម ៣,២៤០គីឡូក្រាម/ហិកតា ដែលមានបរិមាណផលសរុប៩០៨,៩៣៧តោន និងស្រូវប្រាំងអនុវត្តបានលើផ្ទៃដី៧១,៩៨៥ហិកតា ស្មើនឹង៩៥% នៃផ្ទៃដីគ្រោង៧៥,០០០ហិកតា ទិន្នផលជាមធ្យមបាន៤,៤៨៣គីឡូក្រាម/ហិកតា។
លោកបញ្ជាក់ថា ព្រៃវែងជាខេត្ត ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសក្នុងការផលិតស្រូវ ជាប់គ្នា២ឆ្នាំ គឺឆ្នាំ២០១៩ និងឆ្នាំ២០២០។ ក្រៅពីដំណាំស្រូវ ខេត្តព្រៃវែងមានដំណាំរួមផ្សំជាច្រើនដូចជាៈ ពោត សណ្តែក ល្ង អំពៅ ឈូក បន្លែ និងការ ចញ្ចឹមសត្វ គោ ក្របី ជ្រូក មាន់ទា ចញ្ចឹមត្រី បង្កង កង្កែប។ល។
បើតាមលោក ស្បោង សារ៉ាត់ ក្នុងនោះវិស័យសំខាន់ៗដែលលេចធ្លោ នៃកិច្ចអភិវឌ្ឍខេត្ត រួមមាន វិស័យធនធានទឹក ធារាសាស្រ្ត សាធារណការដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ រៀបចំដែនដី សុខាភិបាល អប់រំ សាសនា សេដ្ឋកិច្ចហិរញ្ញវត្ថុ ពន្ធដារ ធនាគារ អគ្គិសនី ឧស្សាហកម្ម ទេសចរណ៍ក៏បានខិតខំអនុវត្ត ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អប្រសើរ។
ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត សមត្ថកិច្ចគ្រប់ផ្នែក បានទប់ស្កាត់ទាន់ពេលវេលានូវរាល់សកម្មភាពជនអគតិមួយចំនួន និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈតាមទីប្រជុំជន និងរក្សាបាននូវស្ថេរភាពនយោបាយ និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ៕