(ស្វាយរៀង)៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រារ ស្ត្រីម៉េម៉ាយ គ្រួសារក្រីក្រ។
លោកស្រី ដួង វណ្ណា បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខណៈដែលលោកស្រី ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ការចុះផ្សព្វផ្សាយនេះមានការចូលរួមពីលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងលោកស្រីហៅ ច័ន្ទសិរីទេពី ចៅភិរុណ អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិការគណៈកម្មា ធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកសរុបចំនួន ៨០នាក់។
លោកស្រីបានបន្តថា បញ្ហានេះមានការយកចិត្តទុកដាក់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ ចរាចរណ៍តាមរយៈការបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ ហើយការផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា ទាំងអ្នកបើកបរ និងអ្នករួមដំណើពីក្រោយគ្រប់ ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យស្លាប់ បើគ្មានមួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ។
លោកស្រីបានបន្ថែមថា សូមពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើងសញ្ញាបត់ជាដើម។
លោកស្រីបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាឃាតកសម្លាប់ជីវិតមនុស្ស នៅលើដងផ្លូវសាធារណៈជាច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួសធ្ងន់ ស្រាលធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាច្រើនរយលានដុល្លារ។
ដោយមើលឃើញពីស្ថានភាព នៃគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម កម្ពុជាចុះសហការជាមួយមន្ត្រីចរាចរណ៍ ផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការនេះមានចែកជូននូវឯកសារពាក់ព័ន្ធ ខិតបណ្ណ័នានាទាក់ទងនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកបិទចំណាំងផ្លាត និងមានការរៀបចំជាកម្មវិធីសំនួរ ចម្លើយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកដែលឆ្លើយត្រូវទទួលបានមួកសុវត្ថិភាព អាវយឺត ពីក្រុមការងារសាខា និងមន្ទីរសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹង វិធានការ ការពារពីជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រង់ចំណុច នៅភ្លើងស្តុបសួនតាឌី នៅរង្វង់មូលមុខសាលាក្រុងស្វាយរៀង និងនៅផ្លូវកែងទំនប់តាណេងផងដែរ៕