(ភ្នំពេញ)៖ ទីណាមានប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅ ពោលគឺជា «ជនងាយរងគ្រោះ» ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដោយមិនប្រកាន់ជាតិសាសន៌ ពណ៌សម្បុរ សាសនា វណ្ណៈ ឫនិន្នាការនយោបាយឡើយ ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
នេះជាការគូសបញ្ជាក់របស់ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ គឺលោក ជា ពិសី ដែលជាអភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៣៥គ្រួសារ ដែលមកពីតាមបណ្ដាភូមិ ចំនួន៦ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រៅពីការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ជា ពិសី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារ និងរក្សាអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា «ដោយផ្តើមចេញពីខ្លួនយើង»។
សូមជម្រាបថា ចំពោះអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ នាំយកមកចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម, មី១០កញ្ចប់, ទឹកដោះគោ២កំប៉ុង, ស្ករស១កញ្ចប់, ម៉ាស១ដុំ, អាល់កុល១ដប, និងថវិកាចំនួន៣ម៉ឺនរៀលស្មើៗគ្នា៕