(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ទៅលើសោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយនៅលើពិភពលោក។
បញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ ភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា នគរបាលការពារបេតិកភណ្ឌ ភ្នាក់ងារព្រៃឈើ និង HCC ដែលក្រៅពីមានតួនាទីពិនិត្យមើលរបៀប រៀបរយចំពោះភ្ញៀវទេសចរហើយ ក្រុមការងារបានសម្អាតដី ប្រមូលសំរាម ស្លឹកឈើ និងរៀបចំអនាម័យបរិស្ថាននៅទីតាំងនានានៅតំបន់រមណីយដ្ឋានអង្គរ។
ការសម្អាតបរិស្ថាននេះ ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាព និងអារម្មណ៍ក្នុងពេលទស្សនាឡើយ។
ជាមួយគ្នានោះ មន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការ និងសំណូមពរពីអាជ្ញាធរមូលដ្ឋានសង្កាត់នគរធំ បានចុះពិនិត្យស្ថានភាពដើមឈើដែលដុះនៅលើដងផ្លូវពីខាងកើតប្រាសាទអង្គរវត្ត រហូតដល់ខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិក្រវាន់ និងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។
ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា មានដើមឈើចំនួន ២៣ ដើមត្រូវមានវិធានការ ដែលក្នុងនោះដើមឈើចំនួន ៤ ដើមគួរដកហូតចេញជាបន្ទាន់ រួមមានដើមយាង ១ ដើម ដក់ព ១ ដើម ត្រាច ១ ដើម និងចំបក់ ១ ដើម ដែលដើមឈើទាំង ៤ ដើមនេះមានហានិភ័យខ្ពស់ (ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍) ហើយដុះទ្រេតខ្លាំងជាប់គន្លងផ្លូវកង់ និងនៅជាប់ចំណុចផ្លូវកោងទៀតផង។ វិធានការនេះដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរដែលបានឆ្លងកាត់ទីនោះ។
ចំណែកឯដើមឈើចំនួន ១៩ ដើមទៀតដែលមានហានិភ័យមធ្យម រួមមានដើមធ្លក ៤ ដើម យាង ៧ ដើម ចំបក់ ៦ ដើម និងត្រាច ២ដើម អាជ្ញាធរជាតិអប្សរានឹងដាក់ផ្លាកសញ្ញាចំណាំងផ្លាតនៅលើដើមឈើទាំងនោះ និងបកកៅស៊ូផ្លូវកង់ដែលវាងដើមឈើចេញ ដែលវិធានការមួយនេះអាចរក្សាទុកដើមឈើទាំង ១៩ ដើមជាបន្តទៀត។
អាជ្ញាធរជាតិអប្សរាក៏នឹងចាប់ផ្តើមអនុវត្តន៍កិច្ចការខាងលើក្នុងសប្ដាហ៍នេះ រហូតដល់បញ្ចប់ការងារ៕