(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) នៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយ ដើម្បីបូកសរុបលទ្ធផលការងារនៃផលិតកម្មរបស់ខ្លួន ក្នុងឆមាសទី២ ឆ្នាំ២០២០ និងពិនិត្យមើលស្ថានភាពផលិតកម្មរបស់ខ្លួូន នៅដើមឆ្នាំ២០២១នេះ ខណៈដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩។
កិច្ចប្រជុំនេះបានធ្វើឡើងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាព អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួន៥ ដែលជាសមាជិករបស់សមាគមនៅក្នុងប្រទេសកម្ពុជា និងអគ្គលេខាធិការសមាគមផងដែរ។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ទោះបីជាប្រឈមនឹងស្ថានភាពកូវីដ១៩ ក៏ពិតមែនប៉ុន្តែការផលិតស៊ីម៉ងត៍នៅកម្ពុជា ពុំបានធ្លាក់ចុះនោះទេ ផ្ទុយទៅវិញផលិតភាពស៊ីម៉ងត៍របស់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ដែលជាសមាជិកសមាគម ជារួមបានកើនឡើងប្រមាណ៧ភាគនៅឆមាសទី២ ឆ្នាំ២០២០ ហើយកំពុងបន្តមានកំណើនបន្តបន្ទាប់ទៀត នៅដើមឆ្នាំ២០២១នេះតែម្តង។
លោកអះអាងថា ការបន្តរក្សាបាននូវកំណើនបែបនេះ ដោយសារតែកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នូវសំណង់ អគារនានា ជាមួយនឹងការរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការខិតខំទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ប្រកបដោយភាពម៉ត់ចត់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកជឿជាក់ថា វិស័យនេះនឹងបន្តកើនឡើងថែមទៀត នៅឆ្នាំ២០២១នេះ ដើម្បីជាចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ ដោយហេតុតែកម្ពុជា ទទួលបានវ៉ាក់សាំង និងការថមថយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ។
លោកបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបង្ការ និងទប់ស្កាត់កូវីដ១៩ និងគិតគូរជួយដល់វិស័យឯកជន នៅក្នុងស្ថានភាពលំបាកនៃការរីករាលដាលជំងឺកូវីដ១៩ កន្លងមក ដែលជាកត្តាមួយចូលរួមចំណែកជួយដល់ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជារីកចម្រើននាពេលនេះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា មានសមាជិកចំនួន៥ក្រុមហ៊ុនហើយ ក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd)ផងដែរ៕