(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរគួរតែឈប់ចាប់អារម្មណ៍រឿង វ៉ាក់សាំងដែលអង្គការសុខភាពពិភពលោក (Who) ទទួលស្គាល់ ឬមិនទទួលស្គាល់ ប៉ុន្តែគួរតែបារម្ភថា តើយើងអាចទិញវ៉ាក់សាំងកូវីដ១៩បានដោយរបៀបណា ខណៈប្រទេសនានា កំពុងដណ្តើមគ្នាទិញវ៉ាក់សាំងកូវីដ១៩។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ Sinopharm នៅកម្ពុជា ដែលសន្និសីទនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះថា៖ «រឿងអង្គការសុខភាពពិភពលោកទទួលស្គាល់ ឬមិនទទួលស្គាល់ ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថា ទោះជាយ៉ាងណាក៏ដោយ ក៏វ៉ាក់សាំងនេះនៅតែដំណើរការទៅមុខ»។ ហើយ លោកស្រី បានបន្តថា «វ៉ាក់សាំងទោះជាមានលុយហើយទៅសុំគេទិញក៏មិនបានដែរ ព្រោះអីដណ្តើមគ្នា ឥឡូវនេះចូលដល់រឿងដណ្តើមគ្នា អញ្ចឹងសូមបងប្អូនពិចារណា កុំឱ្យមានអារម្មណ៍ថា Who ទទួលស្គាល់ ឬមិនទទួលស្គាល់នោះឱ្យសោះ ឥឡូវអ្វីដែលយើងបារម្ភគឺទៅដណ្តើមទិញជាមួយគេបានដែរឬទេ?»។
បើតាម លោកស្រី ឱ វណ្ណឌីន រហូតដល់ពេលនេះ គឺមិនមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ណាមួយ ដែលត្រូវទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោកនោះឡើយ ហើយរហូតមកដល់ពេលនេះ ក៏មិនមានវ៉ាក់សាំងណាមួយ ដែលមានប្រសិទ្ធភាព១០០ភាគរយដែរ។ ប៉ុន្តែសម្រាប់វ៉ាកសាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន គឺមានប្រទេសជាច្រើន បានប្រើប្រាស់រួចហើយ។
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា ដោយក្នុងនោះ វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ជាជំនួយជំហានដំបូង ចំណែកវ៉ាក់សាំង៤០ម៉ឺនដូសទៀត នឹងត្រូវបញ្ជូនមកជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចក៏បានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្រ្តីចិន ក្នុងនាមរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំជំនួយវ៉ាក់សាំងទៀតផងដែរ។
បច្ចុប្បន្ន ប្រទេសចិនបានផលិតចេញនូវវ៉ាក់សាំង២ប្រភេទ ដើម្បីបង្ការជំងឺកូវីដ១៩ ក្នុងនោះមាន វ៉ាក់សាំងស៊ីណូហ្វាម ( Sinopharm) ដែលផលិតដោយរដ្ឋាភិបាល និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech Ltd។
មកទល់ពេលនេះ មានប្រទេសយ៉ាងហោចចំនួន១៦ហើយ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ។ ក្នុងនោះ វ៉ាក់សាំងរបស់ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៉ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំងរបស់ Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ ប្រេស៉ីល ឥណ្ឌូណេស៉ី តួកគី ឈីលី កូឡុំប៊ី និង អាស៊ែបៃហ្សង់ផងដែរ៕