(ភ្នំពេញ)៖ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ផលប៉ះពាល់ការសាងសង់ អាកាសយានដ្ឋាន នៅប្រទេសកម្ពុជា ក្នុងវិបត្តិជំងឺកូវីដ១៩ មានកម្រិតតិចបំផុត។
ការគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែល លោក ស៊ិន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកម្មវិធីកិច្ចសម្ភាសន៍ ភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ផលប៉ះពាល់នូវវិបត្តិជំងឺកូវីដ១៩ មកលើវិស័យអាកាសចរណ៍កម្ពុជា និងការស្ដារឡើងវិញ»។
លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងវិបត្តិជំងឺកូវីដ១៩ នៅឆ្នាំ២០២០ កន្លងទៅនេះ មានកម្រិតប៉ះពាល់តិចបំផុត ទៅលើការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ វិស័យអាកាសយានដ្ឋាន ដែលកំពុងដំណើរការនៅកម្ពុជា»។
លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា បញ្ហាដែលប៉ះពាល់តិច ទៅលើការសាងសង់ វិស័យអាកាសយានដ្ឋាននៅកម្ពុជា ដោយសារតែរាជរដ្ឋាភិបាល មានការដាក់ចេញវិធានការ ទាន់ពេលវេលា។
លោកថា វិធានការទាំងនោះ ដាក់ចេញទៅពាក់ព័ន្ធ ដល់អ្នកធ្វើដំណើរ ដូចជា៖ អ្នកជំនាញការ, វិស្វករ, អ្នកជំនាញការផ្សេងៗ និងអ្នកធុរកិច្ចជាដើម ដែលមានទំនាក់ទំនង សាងសង់នៅអាកាសយានដ្ឋាន។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា បើតាមការសង្កេតឃើញថា មានផលប៉ះពាល់តិចបំផុត ហើយកម្ពុជា ក៏បានរៀបចំពីមុនមក គឺមិនមានការផ្លាស់ប្ដូរទេ ឧទាហរណ៍ ដូចជាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល គឺគម្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៣។
បន្ថែមពីនោះទៀត លោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់ថា សម្រាប់អាកាសយានដ្ឋាន នៅខេត្តសៀមរាបថ្មី ក៏នឹងមានគម្រោងបញ្ចប់ នៅឆ្នាំ២០២៣ដូចគ្នា។ រីឯអាកាសយានដ្ឋាន អន្តរជាតិតារាសាគរ ក៏នឹងត្រូវបញ្ចប់ទៅតាមកម្មវិធី ដែលបានព្រៀងទុកផងដែរ៕