(ភ្នំពេញ)៖ លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានដើរតួជាប្រទេសមួយដែលមានជំហរគាំទ្រដ៏រឹងមាំចំពោះសកម្មភាពពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ការគូសបញ្ជាក់បែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសដែលោកបានអញ្ជើញប្រកាសផ្សព្វផ្សាយស្តីពី «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ពិធីប្រកាសផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន និងវិស័យឯកជន។ របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីក្រសួង ស្ថាប័នជាតិ និងដៃគូនានារួមមាន៖ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ប្រទេសស៊ុយអ៊ែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ធនាគារពិភពលោក និងដៃគូនានា។
រដ្ឋមន្ត្រីបរិស្ថានរូបនេះ បានបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រាជារដ្ឋាភិបាលបានយល់ពីភាពបន្ទាន់ដែលតម្រូវឱ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតា ស្របទៅតាម «ការទទួលខុសត្រូវរួម តែកម្រិតផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ។
លោក សាយ សំអាល់ បានបន្ថែមទៀតថា របាយការណ៍ Updated NDC របស់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
បើតាម លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយថា ក្នុងនាមជាសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុកម្ពុជា បានរៀបចំ និងដាក់ជូនរបាយការណ៍ការចូលរួមចំណែករបស់ជាតិលើកទី១ ទៅលេខាធិការដ្ឋាន UNFCCC នៅឆ្នាំ២០១៥ និងដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព (Updated NDC) ទៅលេខាធិការដ្ឋាន UNFCCC នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្របតាមការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
សូមជម្រាបថា របាយការណ៍ បច្ចុប្បន្នភាពនេះ បង្ហាញអំពីការបេ្តជ្ញាចិត្ត និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
ក្នុងនោះ ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិបានឯកភាពរក្សាឱ្យបាននូវកំណើនកម្តៅផែនដីឱ្យនៅកម្រិតទាបជាង ២អង្សាសេ និងបន្តឱ្យនៅត្រឹម ១,៥អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ដើម្បីកាត់បន្ថយនូវហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
របាយការណ៍បច្ចុប្បន្នភាពនេះ បង្ហាញនូវគោលដៅថ្មីច្បាស់លាស់របស់កម្ពុជាពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានចំនួនប្រមាណ ៦៤,៦លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០ ឬស្មើនឹង៤១,៧ភាគរយ ដែលក្នុងនោះ ៥៩,១% មកពីវិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត។ ជាមួយគ្នានេះដែរ ក្រសួង ស្ថាប័នពាក់ព័ន្ធបានស្នើឡើងនូវសកម្មភាពបន្ស៊ាំអាទិភាពរបស់ខ្លួន សរុបមានចំនួន៨៦សកម្មភាព ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាព៕