(កំពង់ធំ)៖ លោក ជា ចាន់តូ មាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោងឲ្យដឹងថា កាលណាមានការសាមគ្គីភាព ការឯកភាពគ្នាជាធ្លុងមួយ និងមានសុខសន្តិភាពពិតណាស់ ពិតជាមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការអភិវឌ្ឍប្រទេស។ ដូចនេះសុខសន្តិភាព និងការសាមគ្គីភាពមានតម្លៃធំធេងណាស់ ត្រូវរួមគ្នាថែរក្សាការពារឲ្យគង់វង្ស។
ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសចូលរួមក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសាររបាយការណ៍ របស់គណអចិន្ត្រៃយ៍នៃ គណកម្មាធិការកណ្ដាលស្ដីពី សភាពការណ៍ទូទៅ និងការងារបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ ដល់ថ្នាក់ដឹកនាំ មន្ត្រីថ្នាក់ស្រុក ឃុំ និង ក្រុមយុវជនគណបក្សទូទាំងស្រុកស្ទោង។
លោក ជា ចាន់តូ លើកឡើងថា អ្វីដែលកាន់តែកោតសរសើរទៀតនោះ ក្នុងស្ថានភាពដែលកម្ពុជាខិតខំការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ទោះបីកម្ពុជាជួបករណីខ្លះៗពិតមែន ប៉ុន្តែចំនួននេះតិចតួចណាស់ បើប្រៀបធៀបនឹងប្រទេសជិតខាង និងពិភពលោកទាំងមូល។
លោកបានបន្ថែមថា កត្តានេះបានមកដោយសារប្រជាជនម្នាក់ៗ សុទ្ធតែមានស្មារតីសាមគ្គីភាព និងការមានចូលរួមព្រមគ្នាៗព្រមទាំង មានការយល់ដឹងច្បាស់ចេះទទួលយក តាមការអំពាវនាវនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំ របស់ក្រសួងសុខាភិបាល។
ទោះបីកម្ពុជាទទួលរងនូវវិបត្តិសកលនេះ យ៉ាងណាក៏ដោយក៏កម្ពុជានៅតែសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាច្រើន ដូចជាការរក្សាបានស្ថេរភាពនយោបាយសុខសន្តិភាព ការរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងអតផណា, ការរក្សាតម្លៃប្រាក់រៀល និងតម្លែទំនិញជាដើម។
លោកបញ្ជាក់ថា សមិទ្ធផលដែលកម្ពុជាសម្រេចបានកន្លងមក ពិសេសក្នុងឆ្នាំ២០២០ជាឆ្នាំលំបាក ដោយការរីករាលដាលនៃជម្ងឺកូវីដ១៩ តែកម្ពុជានៅតែរក្សាបានល្អ។ ដូចនេះប្រជាជាតិខ្មែរ ត្រូវនាំគ្នាថែរក្សាការពារសុខសន្តិភាព និង ស្ថេរនយោបាយឲ្យបានស្ថិតស្ថេរ និងគង់វង្ស ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យទទួលបានការរីកចម្រើនថ្មីៗបន្ថែមទៀត។
ក្នុងឱកាសនោះលោកបានអំពាវនាវ ឲ្យមន្ត្រីថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តការខិតខំបម្រើ និងផ្ដល់សេវាសាធារណៈ ជូនប្រជាជនឲ្យបានល្អសក្តិសមជាអ្នកបម្រើប្រជាជនពិតៗ ហើយត្រូវលះបង់ភាពឆ្មើងឆ្មៃ ក្នុងការបំពេញការងារ។
លោក ជា ចាន់តូ ក៏បានជំរុញថ្នាក់ដឹកនាំស្រុក ឃុំ យកចិត្តទុកដាក់លើកការពង្រីក និងកសាងកម្លាំងយុវជនដែលជាអ្នកបន្តវេន ក្នុងនោះត្រូវផ្ដល់អាទិភាព ដល់កម្លាំងយុវជនជាស្ត្រីឲ្យបានច្រើន៕