(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន១.២០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក បានទទួលអំណោយស្បៀងអាហាររបស់អង្គការ Cambodia Vision Inc និងសមាគមអូស្ត្រាលី-កម្ពុជា នៅប្រទេសអូអូស្ត្រាលី នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ រួមមាន ប្រជាពលរដ្ឋនៅស្រុកថ្មពួក ក្រុងប៉ោយប៉ែត និងស្រុកមង្គលបុរី ខេត្តនៅបន្ទាយមានជ័យ។
កម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋទាំង៣ស្រុកក្រុងនោះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន, លោក លី សារី និងលោក គឹង វណ្ណៈ ដែលជាអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្រុកក្រុង និងតំណាងក្រុមហ៊ុន។
របាយការណ៍ សម្រាប់នៅស្រុកមង្គលបុរី មានគ្រួសាររងគ្រោះទឹកជំនន់ និងក្រីក្រចំនួន៤០០គ្រួសារ មកពី៥ឃុំ រួមមាន៖ ឃុំឬស្សីក្រោក ឃុំគយមែង ឃុំតាឡំ ឃុំបត់ត្រង់ និងឃុំបន្ទាយនាង ដែលបានទទួលការចែកអំណោយររបស់អង្គការខេមបូឌាវីសិន សមាគមខ្មែរនានានៅទីក្រុងស៊ីនី និងសប្បុរជននៅប្រទេសអូស្ត្រាលី។ ហើយសម្រាប់ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ក៏ទទួលបានអំណោយមានចំនួន៨០០គ្រួសារ។
តំណាងអង្គការ បានឲ្យដឹងថា ក្រោយដឹងថាបងប្អូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ កាលពីខែមិថុនា និងខែតុលា ឆ្នាំ២០២១ បងប្អូនពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ និងអាស៊ីក៏ដូចពលរដ្ឋអូស្ត្រាលី បានចងចាំហើយ ទើបមានឱកាសមករួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចែកអំណោយទាំងនេះ។
លោក អ៊ុ រាត្រី បានថ្លែងថា អំណោយស្បៀងអាហារនេះរបស់អង្គការ Cambodia Vision. Inc នៅក្រុងស៊ីដនី និងសមាគមនានានៅប្រទេសអូរស្ត្រាលី ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងមក និងពលរដ្ឋក្រីក្រខ្មែរនៅទីនេះ ទោះជាយឺតបន្តិច ប៉ុន្តែវាបានរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបន្ត ក្នុងអន្តរកាលការលំបាកជីវភាពបងប្អូន ដែលរងគ្រោះដោយទឹកជំនន់ផង ដោយបម្រែបម្រួលអាកាសធាតុ និងដោយការរីករាលដាលនៃជំងឺកូវីដ១៩៕