(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធអគារថ្មីនៃក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ។ អគារក្រសួងបរិស្ថានថ្មីនេះ មានទីតាំងនៅក្បែរវិមានរដ្ឋសភា។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញបិទសន្និបាទបូកសរុបលទ្ធផលការងារ របស់ក្រសួងមហាផ្ទៃផងដែរ។
«អគារមរតកតេជោ» ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៦,៨០០ម៉ែត្រក្រឡា មានទីតាំងចន្លោះស្ពាននាគ និងស្ពានតន្ត្រីកោះពេជ្រ តាមបណ្តោយច្រាំងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារនេះ មានទទឹង ២៦ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់ ៣៩ម៉ែត្រ ស្មើនិង ៦ជាន់ ត្រូវបានចំណាយពេលសាងសង់ ១៨ខែ។ «អគារមរតកតេជោ» បានចំណាយថវិកាសាងសង់ជិត ៨លានដុល្លារ (៧,៩៩៨,៧៥០) ក្នុងនោះថវិកា ៥លានដុល្លារ បានមកពីការដោះដូរទីតាំងអគារចាស់ នៃក្រសួងបរិស្ថាន និងថវិកាជិត ៣លានដុល្លារទៀត ជាថវិការបស់រាជរដ្ឋាភិបាល៕