(ពោធិ៍សាត់)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចង្អុលបង្ហាញការងារអាទិភាពចំនួន៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តពោធិ៍សាត់ ឱ្យខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
ការដាក់ចេញការងារអាទិភាពទាំងនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានចង្អុលបង្ហាញការងារសំខាន់ៗចំនួន៥ ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ ការងារទាំង៥នោះរួមមាន៖
ទី១៖ មន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា កបប ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី២៖ មន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា កបប ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះផ្សារត្រួតពិនិត្យ សុវត្តិភាព ផលិតផល ទំនិញ គ្រឿងឧបភោគ បរិភោគ ឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។
ទី៣៖ ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ និងជំរុញយន្តការដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍ ។
ទី៤៖ ពេលចុះអនុវត្តន៍ការងារ និងនៅក្នុងជីវភាពប្រចាំថ្ងៃ ក្នុងស្ថានភាពថ្មីនៃជំងឺកូវីដ-១៩ នាពេលនេះ ស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទី៥៖ មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់គោលការណ៍ លិខិតបទដ្ឋានច្បាប់ និងកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់ក្រសួងពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អ៕