(ភ្នំពេញ)៖ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នណពេញ បានចេញដីការបង្គាប់ឲ្យសមត្ដកិច្ចនាំខ្លួនជនត្រូវចោទឈ្មោះ ហ៊ាង សុងហេង យកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំការជំនុំជម្រះតាមកំណត់ របស់នីតិវិធីច្បាប់។ ចំណែកឈ្មោះ លាស់ សុវណ្ណ ត្រូវបានតុលាការសម្រេចដាក់ឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ការសម្រេចឃុំខ្កួននេះធ្វើឡើងកាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១ បន្ទាប់ពីតំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង២នាក់នេះ ពីបទ «ឆបោក រំលោភលើទំនុកចិត្ត និងក្លែងបន្លំឯកសារ»។
នគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បាននាំខ្លួនឈ្មោះ ហ៊ាង សុងហេង និងឈ្មោះ លាស់ សុវណ្ណ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតុលាការចាត់តាមច្បាប់ តាមបណ្តឹងរបស់ក្រុមហ៊ុនជប៉ុនមួយ ដែលកំពុងវិនិយោគនៅកម្ពុជាពីបទ «ឆបោក រំលោភលើទំនុកចិត្ត និងក្លែងបន្លំឯកសារ» របស់ក្រុមហ៊ុនគិតជាទឹកប្រាក់ចំនួនប្រមាណ១.៤០០.០០០ ដុល្លារ។ បន្ទាប់មកតុលាការបានសម្រេចឃុំខ្លួនឈ្មោះ ហ៊ាង សុងហេង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។
គួររំលឹកថា ក្រុមហ៊ុនមួយនេះគឺជាក្រុមហ៊ុនរបស់អ្នកវិនិយោគិនជនជាតិជប៉ុន ដែលបានមកដាក់ការវិនិយោគនៅប្រទេសកម្ពុជា លើវិស័យពាណិជ្ជកម្មជាច្រើនក្នុងនោះរួមមាន៖ សេវាកម្មទិញលក់រថយន្តដោយបង់រំលស់ ជាដំណាក់កាលផងដែរ។ ជនជាប់ចោទ ឈ្មោះ ហ៊ាង សុងហេង ធ្លាប់មានតួនាទីជាប្រធានផ្នែកលក់ រីឯឈ្មោះ លាស់ សុវណ្ណ ធ្លាប់មានតួនាទីជាជំនួយការផ្នែកលក់ ដែលជនទាំងពីរនេះបានឃុបឃិតគ្នា ក្លែងបន្លំអត្តសញ្ញាណអតិថិជន ក្លែងបន្លំតម្លៃរថយន្ត និងស្ថានភាពរថយន្តរាប់រយគ្រឿង ព្រមទាំងគៃបំបាត់ប្រាក់ ដែលអតិថិជនបង់មកអោយក្រុមហ៊ុន ទុកជាប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឲ្យក្រុមហ៊ុនបាត់បង់សាច់ប្រាក់ និងរថយន្តរាប់សិបគ្រឿង គិតជាទឹកប្រាក់ប្រមាណចំនួន១.៤០០.០០០ដុល្លារ។
តំណាងក្រុមហ៊ុនជប៉ុន បានបញ្ជាក់ថា កន្លងមកមានអតិថិជនដែលបានរងគ្រោះអំពីអំពើឆបោក របស់ឈ្មោះទាំងពីរខាងលើ បានមករាយការណ៍ផ្ទាល់ដល់ក្រុមហ៊ុនជាបន្តបន្ទាប់ និងមានអតិថិជនខ្លះ ក៏បានដាក់ពាក្យបណ្តឹងផ្ទាល់ទៅតុលាការប្តឹងឈ្មោះ ហ៊ាង សុងហេង នេះ ដើម្បីស្វែងរកយុត្តិធ៌ម ចំពោះការខាតបង់របស់ខ្លួនដែរ។
ក្រុមហ៊ុនបានអំពាវនាវផងដែរដល់អតិថិជនទាំងអស់ ដែលធ្លាប់បានចុះកិច្ចសន្យាទិញរថយន្តបង់រំលស់ជាមួយ ឈ្មោះទាំងពីរខាងលើ ដោយប្រើប្រាស់នាមករណ៍ និងត្រាក្រុមហ៊ុនយើងខ្ញុំ និង/ឬ បាននិងកំពុងបង់ប្រាក់ ទិញរំលស់រថយន្តប្រចាំខែ តាមរយៈឈ្មោះទាំងពីរខាងលើឲ្យចូលមកដោះស្រាយជាមួយក្រុមហ៊ុនផ្ទាល់ឲ្យបានឆាប់បំផុត ដើម្បីជៀសវាងការខាតបង់ប្រាក់ និងផលប្រយោជន៍ស្របច្បាប់របស់អតិថិជនបន្តទៅទៀត។
លោក MATSUO TOSHIYA តំណាងរបស់ក្រុមហ៊ុន បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់អតីតបុគ្គលិក ឈ្មោះ ហ៊ាង សុងហេង និងឈ្មោះ លាស់ សុវណ្ណ ដែលបង្កឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុន ក៏ដូចជាអតិថិជនរបស់ខ្លួន។ តែទោះយ៉ាងណា ក្រុមហ៊ុនពិតជាសម្តែងអំណរគុណចំពោះវិធានការណ៍តាមផ្លូវច្បាប់របស់តុលាការ ដែលបានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនល្មើស ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនវិនិយោគិនបរទេសទាំងឡាយ ដែលប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជានឹងទទួលបានយុត្តិធ៌មតាមផ្លូវច្បាប់៕