(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់អង្គភាព Fesh News នៅមុខនេះបន្តិច នាព្រលប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រសួងសុខាភិបាល នឹងទទួលខុសត្រូវលើថ្លៃចំណាយទាំងស្រុង ក្នុងការព្យាបាលជំងឺរបស់ លោក ឃុន ណូ។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់ថា រាល់ថវិកាដែលមន្ទីរពេទ្យបានទូទាត់ជាមួយក្រុមគ្រួសារសពរបស់ លោក ឃុន ណូ ទាំងប៉ុន្មាន លោកនឹងចាត់ឲ្យខាងមន្ទីរពេទ្យ យកប្រាក់ប្រគល់ត្រឡប់ឲ្យទៅក្រុមគ្រួសារសពទាំងអស់វិញ។
ក្រៅពីការបញ្ជាក់ខាងលើនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនោះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាព លោក ឃុន ណូ ផងដែរ។
សូមជំរាបថា លោក ឃុន ណូ ជាអ្នកបញ្ជាកាមេរ៉ាថតពីលើអាកាស (Drone) របស់ស្ថានីយទូរទស្សន៍ CNC, CTN, MyTV បានទទួលមរណភាពក្នុងវ័យ២៩ឆ្នាំ នៅវេលាម៉ោងប្រមាណ ៤៖០០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយរោគាពាធ។ លោក ឃុន ណូ គឺជាអ្នកសារព័ត៌មានកម្ពុជា ដ៏មានស្នាដៃមួយរូប ហើយបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន។
សព លោក ឃុន ណូ ត្រូវបានតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ក្នុងភូមិកល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ជិតផ្សាត្រាំកក់)។ សពនឹងត្រូវបូជាវេលាម៉ោង ៨៖០០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦៕