(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០១នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធនាការចាប់វ៉ាក់សាំងកូវីដ១៩។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា មូលហេតុនៃការផ្តល់នូវវគ្គបណ្តុះបណ្តាលនេះ ដើម្បីឲ្យក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល មានការយល់ដឹងបន្ថែមទៀត ទៅលើវ៉ាក់សាំងស៉ីណូហ្វាម ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបទទួលបានពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន៦០ម៉ឺនដូស។
«ពីព្រោះយើងដឹងហើយថា វ៉ាក់សាំងនេះជាវ៉ាក់សាំងថ្មី ដែលនៅក្នុងបរិបទនៃការរីករាលដាល នៃកូវីដ១៩នេះ។ អ្នកវិទ្យាសាស្ត្រ នៅសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាអ្នកវិទ្យាសាស្ត្រ នៅលើសកលលោករបស់យើងនេះ នៅអឺរ៉ុបក្តី នៅអាមេរិកក្តី គឺគេខិតខំផលិតវ៉ាក់សាំងនេះឲ្យបាន ដើម្បីជាឧបករណ៍ដែលមានសារៈសំខាន់បំផុត សម្រាប់ជួយអន្តរាគមន៍ នៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះផង ហើយក៏ដើម្បីជួយទៅដល់បុគ្គលដែលស្ម័គ្រចិត្ត ទទួលយកនូវវ៉ាក់សាំងកូវីដ១៩»។ នេះបើតាមលោកស្រី ឱ វណ្ណឌីន។
បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល, ការប្រើប្រាស់វ៉ាក់សាំងនៅពេលនេះ គឺជាការជួយដ៏ធំណាស់ សម្រាប់ជួយឲ្យទាំងអស់គ្នាឆាប់បានវិលត្រឡប់ទៅរកភាពដើមវិញ និងនៅក្នុងបែបគន្លងថ្មីផង។ លោកស្រីបន្តថា សំខាន់បំផុតនោះ ដើម្បីឲ្យដំណើរការ នៃការប្រកបការងាររស់នៅ ឬរបររកស៉ីរបស់ប្រជាពលរដ្ឋ ហើយបន្ថែមលើនេះ ការប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ក៏ដើម្បីជួយឲ្យមានកំណើនទេសចរណ៍ និងដំណើរការសេដ្ឋកិច្ចផងដែរ។
សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស។
ជាការណែនាំ វ៉ាក់សាំង Sinopharm ទាំងនេះ តម្រូវឱ្យចាក់លើតែមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ប៉ុណ្ណោះ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាបន្តទៀតសិន។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។
បច្ចុប្បន្ន ប្រទេសចិនបានផលិតចេញនូវវ៉ាក់សាំង២ប្រភេទ ដើម្បីបង្ការជំងឺកូវីដ១៩ ក្នុងនោះមាន វ៉ាក់សាំងស៊ីណូហ្វាម ( Sinopharm) ដែលផលិតដោយរដ្ឋាភិបាល និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech Ltd។ មកទល់ពេលនេះ មានប្រទេសយ៉ាងហោចចំនួន១៦ហើយ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ។ ក្នុងនោះ វ៉ាក់សាំងរបស់ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៉ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំងរបស់ Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ ប្រេស៉ីល ឥណ្ឌូណេស៉ី តួកគី ឈីលី កូឡុំប៊ី និង អាស៊ែបៃហ្សង់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលកន្លងទៅ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដែលនោះមានជំនួយ១១លានដូសផងដែរ៕