(ភ្នំពេញ)៖ ទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ក្នុងឆ្នាំ២០២០ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកកើនឡើង២២.៧៩ភាគរយ។ នេះបើយោងតាមទិន្នន័យ ការិយាល័យពាណិជ្ជកម្មអាមេរិក។
យោងតាមទិន្ន័យឲ្យដឹងថា ចាប់ពីមករា ដល់ខែធ្នូ ឆ្នាំ២០២០ ទំនិញកម្ពុជាដែលបាននាំចេញ ទៅទីផ្សារអាមេរិកមានចំនួន៦៥៧៧.៧លានដុល្លារ កើនឡើង២២.៧៩ភាគរយ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរមានតម្លៃ ៦៩២១.៣លានដុល្លារ កើន១៧.៨៩ភាគរយ។
ចំណែកឯការនាំទំនិញអាមេរិកមកកម្ពុជា មិនមានការកើននោះទេមានទឹកប្រាក់ ៣៤៣.៦លានដុល្លារ ធ្លាក់ចុះ៣៣ភាគរយ ខណៈឆ្នាំ២០១៩ មានទឹកប្រាក់៥១៤លានដុល្លារ។
សម្រាប់ទំនិញកម្ពុជានាំទៅទីផ្សារអាមេរិកមានភាគច្រើន ជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងផ្គុំអគ្គិសនី។ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាមាន រថយន្តគ្រឿងអេឡិចត្រូនិក និងផលិតផលសម្រេចមួយចំនួនទៀត។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា អាមេរិក និងអឺរ៉ុប គឺជាទីផ្សារនាំចេញលេខមួយ និងជាទីផ្សារសំខាន់សម្រាប់ប្រទេសកម្ពុជា។
លោកគូសបញ្ជាក់ថា ជាក់ស្ដែងក្នុងឆ្នាំ២០២០ មិននិយាយលើវិស័យកាត់ដេរ ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអាមេរិក មានការនាំចេញកង់ ដែលកើនឡើង២០០ភាគរយ ទទួលបានចំណូលជិត២០០លានដុល្លារ, ការនាំចេញគ្រឿងសង្ហារឹម, ការនាំចេញក្ដារបន្ទះ, សូឡា និងគ្រឿងអេឡិចត្រូនិក កើនឡើង២០ភាគរយផងដែរ៕