(ភ្នំពេញ)៖ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានរៀបចំកម្មវិធីផ្គូផ្គង រវាងម្ចាស់អាជីវកម្ម និងក្រុមហ៊ុនដឹកជញ្ជូន (ឡូជីស្ទ៊ីក) លើកទី១ ដោយមានការចូលរួម ពីមន្ត្រីគណៈកម្មាធិកាជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ មន្ត្រីប្រៃសណីយ៍កម្ពុជា វិស័យឯកជន ក្រុមហ៊ុនដឹកជញ្ជូន និង ម្ចាស់អាជីវកម្មផ្សេងៗទៀត។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅចុងសប្តាហ៍កន្លងទៅនេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានថ្លែងថា ការបង្កើតកម្មវិធី ផ្គូផ្គងម្ចាស់អាជីវកម្ម និងក្រុមហ៊ុនដឹកជញ្ជូននេះ ក្នុងគោលបំណងបង្កើតឲ្យមានកិច្ចសហការគ្នារវាង ម្ចាស់អាជីវកម្ម និង ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់អាជីវកម្ម និង ម្ចាស់អាជីវកម្ម។ កម្មវិធីនេះ ក៏ដើម្បីឲ្យម្ចាស់អាជីវកម្ម ស្វែងយល់បន្ថែមពីជំនាញដឹកជញ្ជូន នាំចេញ និងនាំចូល ឈានទៅដល់ការបង្កើតអាជីវកម្ម ឬ ពង្រីកអាជីវកម្មរបស់សមាជិក និង ម្ចាស់អាជីវកម្មផងដែរ។
«ក្រោពីនេះ សមាគម នឹងធ្វើការអធិបាយស្តីពី សកម្មភាពរបស់សមាគមដែលបានធ្វើសហប្រតិបត្តិការជាមួយដៃគូ និង ការចុះអនុស្សារណៈផ្សេងៗកន្លងមកជូន សមាជិក និង ម្ចាស់អាជីវកម្មដែលនឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងនេះ»។ នេះជាការបញ្ជាក់បន្ថែមពីលោក ជា ចាន់ដារ៉ា។
ក្នុងពិធីផ្គូផ្គង រវាងម្ចាស់អាជីវកម្ម និងក្រុមហ៊ុនដឹកជញ្ជូន(ឡូជីស្ទ៊ីក) លើកទី១ របស់សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ដោយមានការចែកនាមប័ណ្ណគ្នាទៅវិញទៅមក និងមានការលើកឡើងពីវត្ថុអាជីវកម្មរៀងៗខ្លួន ក្នុងនោះក៏មានការអធិបាយពីវត្ថុអាជីវកម្មរបស់ ប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុនផែស្ងួត ប៊ុកសេង ជេដាប់ប៊ើយូឌី (BOK SENG JWD) ជូនភ្ញៀវកិត្តិយសទាំងអស់ដើម្បីរកដៃគូសហការ រួមទាំងការលើកឡើងរបស់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងគោលបំណង ឲ្យជួយគាំទ្រផលិតផលខ្មែ និង រកទីផ្សារក្នុងស្រុក និង ក្រៅស្រុក ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕